សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣ខ្សែ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ​។
ពិធីសម្ពោធសមិទ្ធផលដែលជាសរសៃឈាមដ៏សំខាន់សម្រាប់តភ្ជាប់ខេត្តភាគឦសាននាព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៦នេះ ត្រូវបាន​ប្រា​រព្ធ​ឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា​ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹក​នាំ​បណ្តាខេត្តភាគឦសាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សយ៉ាងច្រើនកុះ​ករ។
សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖
-​ សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ភស្ថុភាកម្មមានសារៈសំខាន់ណាស់ ក្នុងការ​បង្កើន​តម្លៃបន្ថែម​ដល់ប្រជាពលរដ្ឋ ជាពិសេស​ការ​កាត់បន្ថយតម្លៃ​លើការ​ដឹកជញ្ជូន និងការ​ទាក់ទាញវិនិយោគិនបន្ថែមនៅតាមបណ្ដាខេត្ត។ ខណៈនាពេលខាងមុខរដ្ឋាភិបាលនឹងធ្វើកំពង់ផែពហុបំណងនៅខេត្តក្រចេះបន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងថា​ គិតត្រឹមថ្ងៃទី៧ ខែសីហា គម្រោងវិនិយោគសរុបចំនួន ៧២ ក្នុងនោះគម្រោងសរុបចំនួន ៥៧ បានពិនិត្យ និងបន្តនីតិវិធី ដែលទុនសរុបនៃគម្រោងនេះមានចំនួន ២៧០០ លានដុល្លារអាមេរិក គម្រោងនេះបង្កើតការងារជាង ៨ម៉ឺនកន្លែង ក្នុងនោះក្នុងខេត្តក្រចេះ មានគម្រោងសរុបចំនួន ១៩ ក្នុងនោះគម្រោងចំនួន ១៤ ត្រូវបានពិនិត្យ និងបន្តនីតិវិធី គម្រោងទាំង១៩នេះ មានទុនសរុបចំនួន ១,១ ពាន់លានដុល្លារអាមេរិក។
សម្ដេចធិបតី ថ្លែងជំរុញឱ្យខេត្តនៅភាគឦសានបង្កើនការវិនិយោគ ដាំដុះដំណាំកសិ-ឧស្សាហកម្មប្រចាំខេត្ត ខណៈនាពេលខាងមុខនៅខេត្តក្រចេះនឹងមានកំពង់ផែពហុបំណង ដែលអាចដឹកញ្ជូនតាមផ្លូវទឹកតាមគម្រោងព្រែកជីកហ្វូណនតេជោទៅដល់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុតែម្ដង។
សម្ដេចធិបតី ថ្លែងថា ទឹកជំនន់ឆ្នាំនេះនឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន! អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមដើម្បីជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នេះ។
-សម្ដេចធិបតី ថ្លែងថា​ និរន្តរភាពនៃគោលនយោបាយជាតិ គឺសំខាន់ណាស់ បើរដ្ឋបាលមួយដាក់ចេញនៅគោលនយោបាយក្នុងអាណត្តិមួយស្រាប់តែត្រូវលុបចោលវិញនៅអាណត្តិថ្មីនោះនឹងបាត់បង់និរន្តរភាពមិនខាន ខណៈរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយដែលយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាជន និងការអភិវឌ្ឍជាតិ។
-សម្ដេចធិបតី ថ្លែង​បញ្ជាក់ជាថ្មីថា គ្មានការកែទម្រង់ ឬកាត់បន្ថយក្រសួងនោះទេដំណាក់កាលនេះ ហើយការកែទម្រង់របស់យើងគឺផ្អែកទៅលើអភិក្រម «ពង្រឹងមិនពង្រីក»។
សម្ដេចធិបតី លើកឡើងថា ការកែទម្រង់ថ្មីៗនៅប្រទេសវៀតណាម ក្នុងនោះកាត់ពី១៨ក្រសួងមកនៅ១៤ក្រសួង, កាត់ពី ៦៣ខេត្ត មក៣៨ខេត្ត តែវៀតណាមខុសពីកម្ពុជា កម្ពុជាវិមជ្ឈការ យើងពង្រីករុញសេវាឱ្យដល់មូលដ្ឋាន ប៉ុន្ដែវៀតណាម មជ្ឈការ ៦៣ខេត្តរួមខេត្តមួយចំនួនដាក់ក្រោមតែមួយហើយដំណើរការ។
សម្ដេចធិបតី​ ថ្លែងបញ្ជាក់ថា ការពង្រីកក្រសួង ឬបង្រួមក្រសួង ទីមួយមកពីកត្តានយោបាយ ឬទិសដៅនយោបាយ ប្រទេសខ្លះត្រូវបង្រួម ដើម្បីបង្ហាញឆន្ទៈនយោបាយថាគាត់ធ្វើកំណែទម្រង់, ចំណែកប្រទេសពង្រីកដោយសារប្រទេសមានបក្សច្រើនជាដើម។ ប៉ុន្ដែវាមានហេតុផលបច្ចេកទេសជាច្រើនទៀត ដូចជា កាត់បង្រួមខ្លី កាត់បន្ថយការជាន់គ្នា កាត់បន្ថយនីតិវិធី ជួយសន្សំប្រាក់ ជួយសន្សំមន្រ្ដី។ ចំណែកពង្រីក បង្កើននូវជំនាញអាទិភាពសំខាន់មួយចំនួន។
សម្ដេចធិបតី​ ថ្លែងថា​ អភិក្រមដែលរដ្ឋាភិបាលកម្ពុជាធ្វើការកំណែទម្រង់នៅក្នុងអាណត្តិទី៧នេះ ចំពោះមុខគឺយើងមិនសួរថាតើក្រសួងច្រើនឬតិចទេ។ ម៉ោងស្មើនេះ គឺអត់សួរថាច្រើនឬតិចទេ ព្រោះតាមបទពិសោធន៍ដែលខ្ញុំលើកប៉ុន្មានប្រទេសនោះ គឺខុសគ្នារួចទៅហើយខ្លះបង្កើន ខ្លះបន្ថយ ដូច្នេះយើងអត់សួរទេ។ អ្វីដែលយើងសួរបច្ចុប្បន្ន យើងសួរថា តើក្រសួង ស្ថាប័នដែលមានស្រាប់នេះ រៀបចំបានមានប្រសិទ្ធភាពឬនៅ? ឥឡូវដាក់ទិសដៅកំណែទម្រង់ គឺសួរសំណួរនេះ។ តើគាត់រៀបចំក្រសួងនេះ ធំក្បាល ជើងតូចឬយ៉ាងម៉េច? តើក្រសួងនេះការងារជាន់ជាមួយក្រសួងផ្សេងទៀតឬយ៉ាងម៉េច? តើផ្ទៃក្នុងក្រសួងនោះនាយកដ្ឋាននីមួយៗរៀបចំត្រូវឬនៅ? ឬមួយក៏វាលើសឬខ្វះយ៉ាងម៉េច? នេះគឺជាអភិក្រមរបស់កម្ពុជា។

សម្ដេចធិបតី ថ្លែង​បញ្ជាក់ជាថ្មីថា៖«តាំងពីដើមអាណត្តិ រហូតមកដល់ពេលនេះ រដ្ឋាភិបាលអត់មានគម្រោងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺយើងប្រកាន់ជំហរ ព្រឹងជាជាងពង្រីក ដោយពង្រឹងស្ថាប័ន ក្រសួងនីមួយៗ តាមរយៈការធ្វើវិភាគមុខងារ និងកែទម្រង់មកដល់ម៉ោងនេះ។ ក្នុងនោះទី១ ពង្រឹងរចនាសម្ព័ន្ធ ទី២ពង្រឹងមុខងារ ទី៣ពង្រឹងធនធានមនុស្ស, ធ្វើម៉េចដាក់រឿងនេះជាគោលដៅមុនសិន»។
សម្ដេចធិបតី ថ្លែងចាត់ទុកការបញ្ចេញមតិលើការកែទម្រង់រាជរដ្ឋាភិបាល គឺជារឿងល្អ និងសុទ្ធតែមានមូលដ្ឋានទាំងអស់ ប៉ុន្ដែក្នុងដំណាក់កាលនេះ សម្រាប់កម្ពុជាគឺត្រូវយកអ្វីដែលល្អសម្រាប់ជំហាននីមួយៗ ពេលណាត្រូវធ្វើអ្វី។ អីចឹង ក្នុងដំណាក់កាលនេះ កែទម្រង់ប្រសិទ្ធភាព ប្រសិទ្ធផល គឺរក្សាចំនួនក្រសួងដដែល និងពង្រឹងក្រសួងនីមួយៗ ផ្ទៃក្នុងតាមការវិភាគ ការកំណត់មុខងារ ការលើកទឹកចិត្តមន្រ្ដីតាមប្រព័ន្ធសម្មតិកម្ម «យើងដើរសន្សឹមៗតែទិសដៅរបស់យើងគឺនឹងនរ»។
សម្ដេចធិបតី ថ្លែងបញ្ជាក់ថា សម្ដេចបានឱ្យសិក្សាពីគំរូរបស់ប្រទេសសិង្ហបុរីជុំវិញការបដើម្បីពង្រីកការអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ TVET, ដើម្បីតម្រង់ទិសសិស្សឱ្យសិក្សាពីរូបមន្តដែលសិង្ហបុរីធ្លាប់បានដើរ ក្នុងនោះមានសិស្សខ្លះទៅរៀនចំណេះទូទៅ ខ្លះជំនាញបច្ចេកទេស ដើម្បីធានានូវតុល្យភាពនៃចំនួន និងតម្រូវការកម្លាំងពលកម្មរបស់កម្ពុជាស្របទៅនឹងជំនាញជាក់ស្ដែង។
សម្ដេចធិបតី បន្តប្រកាសស្វាគមន៍ចំពោះអ្នកវិភាគ និងអ្នកបញ្ចេញមតិពិតប្រាកដជូនរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជាគំនិតជួយលើការអភិវឌ្ឍសង្គមជាតិកម្ពុជាទាំងមូល។
យោងតាម​ការបញ្ជាក់​ពី​លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ បានបញ្ជាក់ថា គម្រោងលើកកម្រិត និងជួសជុល ថែទាំខ្សែផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុប ៩៨,៤០៥គីឡូម៉ែត្រ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣៖ មានប្រវែង ៤៩,៨១២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ត្បូងឃ្មុំ, ចំណែក ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A៖ មានប្រវែងសរុប ៤៨,៥៩៣គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុច ៥០០ម៉ែត្រ ពីរង្វង់មូល ព្រាប ស (ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ) ខេត្តក្រចេះ។ បន្ថែមពីលើនេះ គម្រោងនេះក៏បានរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទ ព្រមទាំងការបំពាក់ ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋាន បច្ចេកទេសផ្លូវថ្នល់ផងដែរ។
លោករដ្ឋមន្ត្រី​ បានឱ្យដឹងថាចំពោះថវិកាសាងសង់កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧Aនេះ បានប្រើប្រាស់ថវិកាសរុបប្រមាណ ៤៣,៩៥ លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ បានចំណាយថវិកាប្រមាណ ១៤,៧៧លានដុល្លារអាម៉េរិក និងផ្លូវខេត្ត លេខ៣៧៧ និង៣៧៧A បានចំណាយថវិកាប្រមាណ ២៩,១៨លានដុល្លារអាម៉េរិក។
លោក ប៉េង ពោធិ៍នា បញ្ជាក់ថា ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើង នៅរៀងរាល់រដូវវស្សា។ នាពេលបច្ចុប្បន្ន ខ្សែផ្លូវទាំង ៣ខ្សែនេះបាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ ទីប្រជុំជន និងតំបន់ដាច់ស្រយាល ការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ និង កសិផលរបស់បងប្អូនប្រជាពលរដ្ឋ ការធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅសាលារៀនរបស់សិស្សា នុសិស្ស និងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានានៅក្នុង ទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា។
លោក ប៉េង ពោធិ៍នា បញ្ជាក់ថា ក្រៅពីខ្សែផ្លូវទាំង៣នេះ ខេត្តក្រចេះក៏នឹងទទួលបាននូវសមិទ្ធផលដ៏ធំជាប្រវត្តិសាស្ត្រ និងមានសារៈសំខាន់មួយទៀត នោះគឺ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ដែលត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមនាពេលថ្មីៗកន្លងមកនេះ ហើយបច្ចុប្បន្នបានបញ្ចប់ការសាងសង់ និងត្រៀមដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។
លោករដ្ឋមន្ត្រី​ បញ្ជាក់ថា ក្រសួងក៏បាននិងកំពុងជំរុញការសិក្សា និងអនុវត្តគម្រោងថ្មីៗបន្ថែមទៀតស្ថិត ក្នុងភូមិសាស្ត្រខេត្តក្រចេះ រួមមានដូចជាគម្រោងផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ, គម្រោងផ្លូវជាតិលេខ៧៨-៥ តភ្ជាប់ពីរតនគិរី បានលុង កន្ទុយនាគ ភ្ជាប់ទៅព្រំប្រទល់កម្ពុជា-វៀតណាម, និងគម្រោងកំណាត់ផ្លូវជាតិលេខ៧ (រមាត ខេត្តក្រចេះ-ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ព្រំប្រទល់កម្ពុជា-ឡាវ), ព្រមទាំងគម្រោងសិក្សាសាងសង់ហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់និងជំរុញការបើកច្រកទ្វារព្រំដែនថ្មីរវាងកម្ពុជា-ឡាវ និង កម្ពុជា-វៀតណាម៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print