ខេត្តបន្ទាយមានជ័យៈជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានការប្រមូលផ្តុំគ្នាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចស្ដង់អេតចាយមួយកន្លែងក្រោយផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌ អង្គភាពមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងកើតហេតុឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ គឹម នី ភេទប្រុស អាយុ៤៦ឆ្នាំ ជាម្ចាស់ទីតាំងដែលទទួលទិញម៉ូតូពីចោរកម្មជាច្រើនគ្រឿង នឹងបានចាប់យកវត្ថុតាងជាច្រើនដែលជាគ្រឿងបន្លាស់ម៉ូតូគ្មានឯកសារ និងគ្មានប្រភពច្បាស់លាស់ យកមកកែច្នៃដើម្បីលក់បន្ត រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នឹងបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញម៉ូតូពីចោរកម្មជាច្រើនគ្រឿង ដែលគ្មានឯកសារ និងគ្មានប្រភពច្បាស់លាស់ពីក្មេងទំនើងក្នុងក្រុងប៉ោយប៉ែតពិតប្រាដកមែន។ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា










