ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់តំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយចាត់ទុកថា ជាដំណើរទស្សនកិច្ចនេះគ្មានការអនុញ្ញាត និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ក្នុងដែនដីកម្ពុជាឡើយ ។
កម្ពុជាបានបញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ និងចាត់ទុកសកម្មភាពបែបនេះថា អាចបង្កើនភាពតានតឹងតាមព្រំដែន។ ដូច្នេះ កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពដែលអាចបង្កហេតុ និងចូលរួមបន្ធូរបន្ថយភាពតានតឹង ដើម្បីបង្កើនការជឿទុកចិត្ត និងសម្រួលដល់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
រាជរដ្ឋាភិបាលបានអះអាងជាថ្មី កម្ពុជានៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕
ដោយ ៖ សិលា











