ខេត្តកណ្តាល÷ មន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី២៦ខែសីហានេះថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបជនសង្ស័យពីរនាក់ករណីលួចម៉ូតូ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២៦ នៅវេលាម៉ោង ០៦÷៤៥ នាទី ភូមិអន្លង់រមៀតខាងជើង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យ ០២នាក់១.ឈ្មោះ ឃិន មករា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)-គ្មាន សារធាតុញៀនក្នុងទឹកនោម(-)និង២.ឈ្មោះ ពេជ្រ វ៉ន ភេទប្រុស អាយុ៤៦ឆ្នាំ(ទទួលផលចោរកម្ម)(ឃាត់ខ្លួន)
-គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោង ០៤និង៣០នាទី ជនរងគ្រោះជាមន្ត្រីនគរបាលរដ្ឋបាលអន្លង់រមៀត នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង បានជិះម៉ូតូ១គ្រឿងម៉ាក SUZUKI SMASH ERVO C110 ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល 1-4252 ជារបស់អង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត ចេញពីផ្ទះបងស្រីឈ្មោះនូ ខែម រស់នៅភូមិឃុំជាមួយគ្នា ដើម្បីមកប្រចាំការនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត ស្ថិតក្នុងភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង។
ពេលមកដល់ប៉ុស្តិ៍ ជនរងគ្រោះបានទុកម៉ូតូនៅខាង ក្រោយប៉ុស្តិ៍ ហើយចូលសម្រាន្តនៅក្នុងបន្ទប់ ចំណែកជនសង្ស័យឈ្មោះឃិន មករា បានចេញពីផ្ទះ ដើម្បីទៅលេងមេប៉ុស្តិ៍អន្លង់រមៀតព្រោះជាមិត្តភក្តិ៊ ។ ពេលទៅដល់ប៉ុស្តិ៍ មិនឃើញមេប៉ុស្តិ៍ជាមិត្តភក្កិនៅប៉ុស្តិ៍ ហើយជនសង្ស័យបានអង្គុយចាំនៅទីនោះ។ លុះដល់វេលាម៉ោង ០៦និង ៣០ នាទី មិនឃើញមានអ្នកណាចេញមកពីប៉ុស្តិ៍,ជនសង្ស័យបានក្រឡែកមើលទៅឃើញមានម៉ូតូមួយគ្រឿងមានម៉ាក Suzuki Smash ពណ៌ខ្មៅ មានស្លាកលេខ នគរបាល 1-4252 ជាម៉ូតូរបស់ប៉ុស្តិ៍អន្លង់រមៀត ទុកប្រើប្រាស់ប្រចាំថ្ងៃហើយជាប់សោរនៅម៉ូតូ ភ្លាមនោះជនសង្ស័យឈ្មោះ បានធ្វើសកម្មភាពលួចយកម៉ូតូខាងលើ ជិះទៅផ្លូវវេងស្រេង ម្ដុំផ្សារកាណាឌីយ៉ា នឹងបានយកម៉ូតូខាងលើទៅលក់ឱ្យជនសង្ស័យឈ្មោះពេជ្រ វ៉ន នៅម្ដុំវត្តសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ លក់ក្នុងតម្លៃកៅសិបដុល្លារ (90$) រួចជនសង្ស័យឈ្មោះពេជ្រ វ៉ន បានកក់ឲ្យលុយចំនួនដប់ប្រាំបីម៉ឺនរៀល(១៨ម៉ឺន) ឲ្យជនសង្ស័យឈ្មោះ ឃិន មករា ព្រោះចាំឯកសារគ្រប់បានឲ្យលុយគ្រប់ចំនួន រួចជនសង្ស័យឈ្មោះឃិន មករា បានទៅដេកនៅមាត់ទន្លេមួយយប់ ទើបត្រឡប់មកផ្ទះវិញ។
លុះដល់ថ្ងៃទី២៤ ខែឆ្នាំដដែល កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះនិព្វាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងព្រលឹត ឃាត់ខ្លួនជនសង្ស័យឈ្មោះឃិន មករា បាននៅផ្ទះស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងជនសង្ស័យឈ្មោះពេជ្រ វ៉ន នៅចំណុចម្ដុំវត្តសំពៅមាស សង្កាត់បឹងព្រលិត ខណ្ឌ ០៧ មករា រាជធានីភ្នំពេញ រួចបញ្ជូនជនសង្ស័យទាំង០២នាក់ខាងលើមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










