ខេត្តតាកែវ៖ នៅវេលាម៉ោង ១១៖០៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះឃ្លាំងស្តុកកំទេចក្រណាត់មួយកន្លែង ស្ថិតនៅក្នុង ភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ ហេង ភារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ។
តាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ ១៣ម៉ែត្រ × ២០ ម៉ែត្រ សាងសង់អំពីដែក ជញ្ជាំងឥដ្ឋ និងដំបូលស័ង្កសី ក្នុងហេតុការណ៍នេះ សម្ភារៈដែលរងការខូចខាតរួម មាន៖កំទេចក្រណាត់ប្រមាណ៣០តោន មានតម្លៃប្រមាណ ២,០០០ដុល្លារអាមេរិក ឃ្លាំងទំហំ ១៣×២០ ម៉ែត្រ មានតម្លៃប្រមាណ ១០,០០០ដុល្លារអាមេរិក។
ដើម្បីទប់ស្កាត់ និងពន្លត់អគ្គិភ័យ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង មកពីបណ្តាអង្គភាពពាក់ព័ន្ធ រួមមាន រថយន្តពន្លត់អគ្គិភ័យស្រុកបាទី ១គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តតាកែវ ២គ្រឿង, ស្រុកព្រៃកប្បាស ១គ្រឿង, ស្រុកសំរោង ១គ្រឿង និងស្រុកត្រាំកក់ ១គ្រឿង។
ប្រតិបត្តិការពន្លត់អគ្គិភ័យបានប្រើប្រាស់ទឹកសរុប ១៧រថយន្ត ស្មើនឹងប្រមាណ១០២ម៉ែត្រគូបចំពោះមូលហេតុនៃការកើតមានអគ្គិភ័យនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីកំណត់មូលហេតុពិតប្រាកដ។
ជុំវិញហេតុការណ៍នេះ អគ្គិភ័យ មិនបានឆេះរាលដាលដល់រោងចក្រ និងទីតាំងនៅក្បែរនោះឡើយ ហើយមិនបណ្តាលឱ្យមានមនុស្ស សត្វរងគ្រោះ ឬខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជិតខាងឡើយ៕
ដោយ៖ សុរិយា










