នេប៉ាល់៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់គំហុកភ្លាមៗដ៏មហន្តរាយ នៅតាមបណ្តោយព្រំដែន រវាងប្រទេសនេប៉ាល់ និងតំបន់ទីបេរបស់ចិន បានកើនឡើងដល់យ៉ាងហោចណាស់ ២៧០នាក់ ខណៈមនុស្សជាង ១.៣០០ នាក់ កំពុងបាត់ខ្លួន។
ក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែសីហា ឆ្នាំ២០២៦) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីបំណាក់ផ្ទាំងទឹកកក បានបណ្តាលឱ្យមានទឹកភក់លាយដោយថ្មធំៗខ្ពស់ដូចជញ្ជាំង ហូរកាត់សហគមន៍តំបន់ភ្នំហិមាល័យ ដោយបំផ្លាញភូមិទាំងមូល។
អាជ្ញាធរកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់នេប៉ាល់ បានប្រាប់ឱ្យដឹងថា មនុស្សយ៉ាងតិចចំនួន ៨២៦នាក់ បានបាត់ខ្លួននៅក្នុងប្រទេសនេះ ក្នុងនោះជិត ៦០០នាក់ ជាជនបរទេស។
ជាមួយគ្នានេះ អ្នកនាំពាក្យនគរបាលនេប៉ាល់ លោក Abi Narayan Kafle បានប្រាប់សារព័ត៌មាន Reuters ថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង។
នៅតំបន់ទីបេ ទូរទស្សន៍ CCTV របស់ចិន បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៥៥៨នាក់ បានបាត់ខ្លួននៅតំបន់ Gyirong ក្នុងនោះរួមមានទាំងជនបរទេស ២៦០នាក់ផងដែរ។
នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានជំរុញឱ្យប្រជាជាតិតំបន់ភ្នំហិមាល័យមួយនេះ រួបរួមគ្នា បន្ទាប់ពីមានទឹកជំនន់ដ៏បំផ្លិចបមផ្លាញកាលពីថ្ងៃពុធនេះ៕ដោយ៖តារា










