ខេត្តកំពង់ចាម÷នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានបំផ្លាញឧបករណ៍ខុសច្បាប់ និងលែងកូនត្រី មួយចំនួន ចូលបឹងធម្មជាតិវិញផងដែរ ។
បើតាម លោក ស្រី លី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានបញ្ជាក់ថា នាថ្ងៃនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកោះសូទិន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ រួមមាន៖
ករណីទី១ នៅចំណុចបឹងដំរីឆ្លង ឃុំព្រែកតានង់ ស្រុកកោះសូទិន បានរឹបអូសវត្ថុតាង មានឧបករណ៍លូស្បៃមុងចំនួន ១១មាត់ របាំងស្បៃមុងប្រវែង ៥៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ២៧៥ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់ ៥គីឡូក្រាម។
ករណីទី២ នៅចំណុចព្រែកតាកៅ ឃុំព្រែកតានង់ ស្រុកកោះសូទិន មានឧបករណ៍លូស្បៃមុងចំនួន ៧មាត់ របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៧៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ផងដែរ៕










