សារព័ត៌មាន AFP បានផ្សាយថាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ត្រូវបានរំពឹងថា នឹងធ្វើដំណើរមកកាន់ប្រទេសកៀហ្ស៉ីស៊ីស្ថាន ក្នុងតំបន់អាស៊ីកណ្តាល នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលនឹងមានមេដឹកនាំអ៉ីរ៉ង់ និងឥណ្ឌាចូលរួមផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមក្របខណ្ឌអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាប្លុកតំបន់មួយ ត្រូវគេមើលឃើញថា មានគោលដៅប្រឆាំងនឹងឥទ្ធិពលរបស់លោកខាងលិច។
មេដឹកនាំប្រទេសសរុបប្រមាណជា១០រូប នឹងធ្វើដំណើរមកកាន់រដ្ឋធានីប៊ីស្កេករបស់កៀហ្ស៉ីស៊ីស្ថាន ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតអង្គការ SCO។ ក្នុងអង្គការនេះរួមមាន រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន អ៉ីរ៉ង់ ព្រមទាំងប្រទេសចំនួន៤នៅអាស៊ីកណ្តាល និងបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ។
កន្លងមក លោក ពូទីន និងលោក ស៊ី ធ្លាប់បានប្រើប្រាស់កិច្ចប្រជុំកំពូល SCO ដើម្បីផ្សព្វផ្សាយចក្ខុវិស័យរបស់មេដឹកនាំទាំងពីរស្តីពីពិភពលោកពហុប៉ូល និងបង្ហាញពីជំហររួបរួមប្រឆាំងនឹងលោកខាងលិច។ កិច្ចប្រជុំខាងលើនេះនឹងធ្វើឡើង ខណៈសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន បានឈានចូលរយៈពេល ៤ឆ្នាំកន្លះ ហើយសង្គ្រាមរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់ បានអូសបន្លាយអស់រយៈពេល៦ខែ។ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian នឹងតំណាងប្រទេសរបស់លោក មកចូលរួមកិច្ចប្រជុំ SCO។
លោក ពូទីន លោក Pezeshkian ព្រមទាំងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ត្រូវបានគេរំពឹងថា នឹងចូលរួមសម័យប្រជុំពេញអង្គ SCO ដែលដឹកនាំដោយប្រធានាធិបតីកៀហ្ស៉ីស៊ីស្ថាន លោក Sadyr Japarov។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា លោក ពូទីន ក៏ត្រូវបានរំពឹងថា នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយលោក Pezeshkian និងលោក ស៊ី ព្រមទាំងមេដឹកនាំផ្សេងទៀត។
រុស្ស៊ីនិងអ៉ីរ៉ង់ ដែលសុទ្ធតែស្ថិតក្នុងចំណោមប្រទេសរងទណ្ឌកម្មអន្តរជាតិធ្ងន់ធ្ងរបំផុតលើពិភពលោក បានពង្រឹងទំនាក់ទំនងយោធានិងសេដ្ឋកិច្ចយ៉ាងខ្លាំង ក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទីក្រុងមូស្គូនិងទីក្រុងប៉េកាំង ប្រឆាំងការផ្គត់ផ្គង់អាវុធទៅឱ្យអ៉ីរ៉ង់។ ជំនួបរវាងលោក ពូទីន និងលោក Pezeshkian នឹងកើតមានឡើង ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយកចារកម្មអាមេរិក CIA លោក John Ratcliffe បានធ្វើដំណើរដ៏កម្រមួយទៅកាន់ទីក្រុងមូស្គូ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានធ្វើការសន្និដ្ឋានថា លោក Ratcliffe ទំនងជាបានពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងអ៉ីរ៉ង់ ជាមួយសមភាគីរុស្ស៊ី៕

រូបថត: Tass









