ភ្នំពេញ៖ បង្ក្រាបដូចភ្លៀងរលឹមកម្លាំងនគរបាលខណ្ឌសែនសុខនិងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានសហការគ្នាចុះបង្ក្រាបនិងបានឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀនចំនួន៣០នាក់ក្នុងនោះប្រុសទាំងអស់ ចាប់យកថ្នាំញៀន២កញ្ចប់តូច និងម៉ូតូចំនួន៨គ្រឿងផងដែរ។
ក្នុងប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១១យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នៅប្លុកបឹងឈូក មុខពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដឹកនាំដោយលោកវេរៈសេនីឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ។
លោកវេរៈសេនីយឯក ម៉ក់ ហុង អធិការខណ្ឌ បានមានប្រាប់ឲ្យដឹងថា ដោយមានបទបញ្ជាពីនាយឧត្តមសេនីយ ជួនសុវណ្ណ ស្នងការរាជធានីភ្នំពេញ ចាត់ឲ្យលោកចុះសហការនិងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញបំផុត ទើបលោកបានបង្គាប់សមត្ថកិច្ចមូលដ្ឋានដឹកនាំកម្លាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរលេងមិនចូលផ្ទះនិងប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបាន៣០នាក់ប្រុស និងចាប់យកសម្ភារប្រើរប្រាស់មួយចំនួននិងគ្រឿងញៀនបាន២កញ្ចប់តូច ព្រមទាំងម៉ូតូ៨គ្រឿងផងដែរ ។
បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើតេស្តទឹកនោម ដាក់បន្ទុកឡើងតុលាការ៕
...
ដោយ៖ តុង សីហា