ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកៀនស្វាយបាននាំយកអំណោយអង្ករជាង៥តោន និងថវិកាចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ មកពីឃុំទាំង៨ក្នុងស្រុកកៀនស្វាយ ។
លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានប្រាប់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះមានចំនួន២០០គ្រួសារ ក្នុង១គ្រសារៗ ទទួលបានអង្ករ២៥គីឡូក្រាម និងថវិកា១ម៉ឺនរៀល ។
សកម្មភាពមនុស្សធម៌របស់ក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកកៀនស្វាយបានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីសម្រាលការលំបាកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ជួបជាមួយប្រជាពលរដ្ឋជាង២០០នាក់ នៅស្រុកកៀនស្វាយ លោក ឌុល គឿន បានមានមតិសំណេះសំណាល និងផ្តាំផ្ញើឲ្យបងប្អូនត្រូវចេះស្រលាញ់រាប់អានគ្នាកុំប្រកាន់និន្នាការនយោបាយ ត្រូវខិតខំរកស៊ីទទួលទានដើម្បីទ្រទ្រង់ក្នុងជីវភាពគ្រួសារ…… តែសូមបងប្អូនត្រូវគិតថាមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលនៅជិតប្រជាជន បម្រើប្រជាជន យកចិត្តទុកដាក់ជាមួយប្រជាជន ជាពិសេសបានដឹកនាំប្រទេសជាតិតាំងបាតដៃទទេរហូតទទួលបានសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ។ ចំណែកគណបក្សផ្សេងបានត្រឹមតែ..ថា…សន្យាចោលៗ…. និយាយឲ្យខ្លីគឺបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយ… ដូច្នេះចាប់ពីពេលនេះទៅសូមបងប្អូនត្រូវធ្វើការពិចារណាឲ្យបានច្បាស់លាស់មុននិងសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សនយោបាយ…. គ្មានគណបក្សណាជួយបងប្អូនកូនក្មួយក្រៅពីគណបក្សប្រជាជននោះឡើយ ចាត់ទុកប្រជាពលរដ្ឋគឺជាម្ចាស់ ចំណែកក្រុមការងារនិងអាជ្ញាធរមូលដ្ឋានគឺជាអ្នកបម្រើប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរ លោកបានផ្តាំផ្ញើ..កុំជឿតាមការញុះញ៉ុងអូសទាញឲ្យទៅធ្វើបាតកម្មខុសច្បាប់ ព្រោះសកម្មភាពនេះធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងស្ថេរភាពនយោបាយ ហើយប្រមុខរាជរដ្ឋាភិបាលក៏មិនអនុញ្ញាតិឲ្យធ្វើដែរ ៕
ដោយ៖ សណ្តោស