ខេត្តកណ្ដាល÷មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះអំពីការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(គាស់ចេតិយ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៦ វេលា ម៉ោង ០៧: ០០ នាទី នៅវត្តអម្ពរង្សី(ក្រពើឆ្អែត)ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ ៖
១.ឈ្មោះ ឆន ហាងសុង (ហៅប៉ុក) ភេទប្រុស អាយុ ៤១ឆ្នាំ។ មុខរបរ លក់ដូរ(ឃាត់ខ្លួន)។
-មានសារធាតុញៀនក្នុងទឹកនោម(+)
-ធ្លាប់ជាប់មណ្ឌលកែប្រែរយៈពេល ០៦ខែ។
២.ឈ្មោះ ណាន រ័ត្នធី ភេទប្រុស អាយុ ២៨ ឆ្នាំ ។ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។
-មានសារធាតុញៀនក្នុងទឹកនោម(+)
៣.ឈ្មោះ នី ឡង់ឌី ភេទប្រុស អាយុ ២៥ ឆ្នាំ។ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។
-មានសារធាតុញៀនក្នុងទឹកនោម(+)
-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល០១លើក ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនរយៈពេល២ឆ្នាំ។
៤.ឈ្មោះ ទ្រី ផលីន ភេទប្រុស អាយុ២៧ ឆ្នាំ។ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។
-មានសារធាតុញៀនក្នុងទឹកនោម(+)
៥.ឈ្មោះ គង់ ជា ភេទប្រុស អាយុ៣២ឆ្នាំ។មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
-មានសារធាតុញៀនក្នុងទឹកនោម(+)។
-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល០១លើក គឺបទជួញដូរគ្រឿងញៀនរយៈពេល៣ឆ្នាំ ។
សម្ភារៈបាត់បង់រួមមាន:-កោដ្ឋចំនួន០៨(វត្តវិហារត្រាញ់)
និងកោដ្ឋចំនួន១៥(វត្តអម្ពវង្សី ឬវត្តក្រពើឆ្អែត)។
មន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២៦ វេលាម៉ោង ២០:១០នាទី ក្រុមជនសង្ស័យ ០៣ នាក់ ១.ឈ្មោះណាន រ័ត្នធី ២.ឈ្មោះឆន ហាងសុងហៅប៉ុក និង៣.ឈ្មោះនី ឡង់ឌី បានណាត់មកជួបគ្នានៅដីឡូតិ៍១កន្លែងដែលគេទុកចោល។ រហូតដល់ម៉ោង ២១: ០០ នាទីនាថ្ងៃដដែល ជនសង្ស័យឈ្មោះឆន ហាងសុងហៅប៉ុក បានបបួលជនសង្ស័យទាំងពីរនាក់ថា ពួកហ្អែងទៅរកលុយអត់នៅក្នុងវត្តក្រពើឆ្អែតស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយបាននិយាយឯកភាពគ្នា ជនសង្ស័យឈ្មោះណាន រ័ត្នធី បាននិយាយថា ខ្លួននៅមើលផ្លូវ។ រួចជនសង្ស័យឈ្មោះឆន ហាងសុងហៅប៉ុក បានជិះកង់ចេញទៅមុន ចំណែកជនសង្ស័យឈ្មោះនី ឡង់ឌី និងឈ្មោះ ណាន រ័ត្នធី បានដើរតាមវាលស្រែ។
ពេលមកដល់វត្តជនសង្ស័យទាំងបីនាក់ បាននាំគ្នាផ្លោះរបងវត្ត ហើយឈ្មោះណាន រ័ត្នធីជាអ្នកមើលផ្លូវ ចំណែក ជនសង្ស័យពីរនាក់ទៀតបានចូលទៅធ្វើសកម្មភាពគាស់ចេតិយក្នុងវត្ត ដោយយកញញួរដែកនិងដែកគាស់ទៅជាមួយ។ ជនសង្ស័យឈ្មោះ ឆន ហាងសុង បានយកញញួរដែកវាយកូនសោរ។
ពេលធ្វើសកម្មភាព រួចជនសង្ស័យឈ្មោះនី ឡង់ឌី បានចាក់ធាតុចេញពីកោដយកលុយនិង របស់មានតម្លៃនៅ ក្នុងកោដ ហើយបានប្រមូលកោដ្ឋមកជាមួយដោយដាក់នៅក្នុងថង់ខ្មៅ នឹងលុយចំនួន ១០ ដុល្លារ រួចយកកោដ្ឋទៅដូរគ្រឿងញៀន នៅផ្ទះរបស់ជនសង្ស័យឈ្មោះទ្រី
ផលីន បានថ្នាំមានចំនួន០២កញ្ចប់តូច ដោយក្នុងមួយកញ្ចប់តម្លៃ ៥ ដុល្លារ បន្ទាប់មកជនសង្ស័យទាំងបីនាក់បាននាំគ្នាទៅប្រើប្រាស់ថ្នាំញៀននៅផ្ទះជនសង្ស័យឈ្មោះឆន ហាងសុងហៅប៉ុក ។
លុះដល់វេលាម៉ោង០៧:០០នាទីថ្ងៃទី២៨ ខែឆ្នាំដដែល គណៈកម្មការវត្ត និងកូនសិស្សលោកបានដើរមើលចេតិយ បានឃើញចេតិយចំនួនពីរត្រូវគេគាស់យកកោដ្ឋអស់ចំនួន១៥កោដ្ឋ រួចបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប។
ក្រោយទទួលបានព័ត៌មានភ្លាមផ្នែកជំនាញស្រុក និងបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៨ ចុះស្រាវជ្រាវរកមុខសញ្ញា ។ លុះដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប្រជាការពារឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៥នាក់ ដើម្បីសាកសួរ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា បក្ខពួកខ្លួនបានធ្វើសកម្មភាពគាស់ចេតិយបានចំនួន ០៤លើក:
-លើកទី០១:នៅថ្ងៃខែមិនចាំឆ្នាំ ២០២៥ គាស់ក្នុងវត្តវិហារត្រាញ់ មានគ្នាបីនាក់១.ឈ្មោះគង់ ជា ២.ឈ្មោះទ្រី ផលីន និង៣.ឈ្មោះ ឆន ហាងសុង គាស់ចេតិយបានចំនួន០២ចេតិយ បានប្រាក់ចំនួន ៤៨ ម៉ឺនរៀល ហើយជនសង្ស័យឈ្មោះគង់ ជា បានឱ្យលុយចំនួន ៣០ ម៉ឺនរៀលនិងថ្នាំញៀន០១កញ្ចប់ដើម្បីចែកគ្នា០២នាក់។
-លើកទី០២:នៅថ្ងៃខែមិនចាំឆ្នាំ ២០២៥ គាស់ក្នុងវត្តវិហារបិទមាស មានគ្នាបីនាក់១.ឈ្មោះគង់ ជា ២.ឈ្មោះទ្រី ផលីន ៣.ឈ្មោះឆន ហាងសុង គាស់ចេតិយបានចំនួន០១ចេតិយ បានលុយចំនួន១០ដុល្លារ យកទៅទិញថ្នាំញៀនជក់ទាំងបីនាក់។
-លើកទី០៣:នៅថ្ងៃខែឆ្នាំ២០២៦ គាស់ក្នុងវត្តវិហារត្រាញ់មានគ្នាចំនួន ០៣នាក់១.ឈ្មោះគង់ ជា ២.ឈ្មោះទ្រី ផលីន ៣.ឈ្មោះឆន ហាងសុង គាស់ចេតិយបានចំនួន០១ចេតិយ តែមិនបានរបស់របរអ្វីនោះទេ។
-លើកទី០៤:នៅថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៦ គាស់ក្នុងវត្តអម្អរង្សី(ក្រពើឆ្អែត) ចំនួន០១ចេតិយ មានគ្នាចំនួន ០៣នាក់:១.ឈ្មោះឆន ហាងសុង ហៅប៉ុក ២.ឈ្មោះនី ឡង់ឌី និង៣.ឈ្មោះ ណាន រ័ត្នធី បានយកកោដ្ឋចំនួនពីរដាក់ក្នុងថង់ខ្មៅ យកទៅដូរគ្រឿងញៀនជាមួយជនសង្ស័យឈ្មោះទ្រី ផលីន បានគ្រឿងញៀនចំនួនពីរកញ្ចប់ក្នុងមួយកញ្ចប់តម្លៃ ០២ម៉ឺនរៀល និងលុយខ្មែរចំនួន០២ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










