សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ គ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់ចិន ។
សូមបញ្ជាក់ថា ៖ ឆ្លើយតបតាមការអំពាវនាវរបស់ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន។
សូមជម្រាបជូនថា ភ្លាមៗក្រោយពីគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែនប្រទេសចិន និងប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីតក់ស្លុតរន្ធត់ចិត្តឥតឧបមា និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះឧបទ្ទវហេតុគ្រោះមហន្តរាយធម្មជាតិ ដែលបានបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតជាង ១ពាន់នាក់ រាប់ពាន់នាក់កំពុងបាត់ខ្លួន និងប្រជាពលរដ្ឋជាង ១ម៉ឺននាក់ទៀតត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព ព្រមទាំងបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមជូនពរឱ្យការស្តារឡើងវិញបានឆាប់រហ័ស នៅតំបន់ដែលរងការបំផ្លិចបំផ្លាញ និងសូមជូនពរឱ្យប្រជាជននេប៉ាល់ទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងការងារ។
សូមជម្រាបជូនថា ៖ គ្រោះមហន្តរាយនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា និងការហូរច្រោះបាក់ដីបិទផ្លូវទឹក ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កការរវើរវាយដល់ប្រតិបត្តិការស្វែងរក និងសង្គ្រោះ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print