ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន

ចែករំលែក៖

បន្ទាប់ពីបានទទួលបេសកជនពីប្រធានាធិបតីអាមេរិក លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តការសន្ទនាប្រកបដោយស្ថាបនាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងការទូតចំពោះបញ្ហាអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបពិភាក្សាអស់រយៈពេលជាង ៣ម៉ោង ជាមួយប្រេសិតអាមេរិក២រូប កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ទីប្រឹក្សាវិមានក្រឹមឡាំង បានឱ្យដឹងថា កិច្ចពិភាក្សានេះពិតជាមានប្រយោជន៍ ប៉ុន្តែលោកមិនបានបង្ហាញសញ្ញាណាមួយ ដែលថាមានការឈានទៅមុខគួរឱ្យកត់សម្គាល់ឡើយ។
ទីប្រឹក្សាលោក ពូទីន លោក Yuri Ushakov បាននិយាយថា មន្រ្តីអាមេរិកទាំង២រូប គឺលោក Steve Witkoff និងលោក Jared Kushner បានលើកឡើងនូវគំនិតមួយចំនួនពាក់ព័ន្ធនឹងមធ្យោបាយដែលអាចធ្វើទៅរួច ដើម្បីសម្រេចបានដំណោះស្រាយ។ លោក Ushakov មិនបានបញ្ជាក់លម្អិតថា គំនិតទាំងនោះមានអ្វីខ្លះទេ។ លោកបានឱ្យដឹងថា លោកពូទីន បានប្រាប់អ្នកទាំងពីរថា រុស្ស៊ីកំពុងមានវឌ្ឍនភាពពិតប្រាកដនៅលើសមរភូមិ និងមានភាពជឿជាក់ខ្ពស់ ក្នុងការសម្រេចបានគោលដៅរបស់ខ្លួន ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយ «ឫសគល់ដើមនានានៃជម្លោះ»។
សេចក្តីថ្លែងការណ៍ស្រដៀងគ្នាដូចខាងលើ សុទ្ធតែជាជំហរដែលទីក្រុងមូស្គូ ធ្លាប់បានលើកឡើងម្តងហើយម្តងទៀត អំឡុងសង្គ្រាម ដែលបានអូសបន្លាយអស់រយៈពេលជាង ៤ឆ្នាំកន្លះមកហើយ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រុស្ស៉ីនិងអ៊ុយក្រែន បានបង្កើនការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយ ខណៈនៅតាមសមរភូមិមុខភាគច្រើន គឺនៅតែមានស្ថានភាពដដែល។
លោក Witkoff និងលោក Kushner មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញជំនួបខាងលើ។ អ្នកទាំងពីរបានមកកាន់ទីក្រុងមូស្គូជាលើកដំបូង គិតចាប់តាំងពីខែមករា ក្នុងនាមជាតំណាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ បេសកជនអាមេរិកទាំង២រូប បានចាកចេញពីទីក្រុងមូស្គូភ្លាមៗ បន្ទាប់ពីបើកកិច្ចពិភាក្សា ហើយគ្រោងជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងកៀវ នាថ្ងៃអាទិត្យនេះ។ សេតវិមានបាននិយាយថា ប្រេសិតអាមេរិក បានពិភាក្សាអំពីផែនការលម្អិតសំខាន់ៗ សម្រាប់ជំហានបន្ទាប់ ដើម្បីឆ្ពោះទៅរកការបញ្ចប់សង្គ្រាមអ៊ុយក្រែន ក្នុងជំនួបកាលពីថ្ងៃសៅរ៍ ជាមួយលោក ពូទីន។
នៅក្នុងសុន្ទរកថាដែលត្រូវបានផ្សាយតាមទូរទស្សន៍ នៅពេលចាប់ផ្តើមកិច្ចពិភាក្សាជាមួយក្រុមបេសកជនអាមេរិក លោក ពូទីន បានកោតសរសើរ កិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការជួយបញ្ចប់សង្គ្រាម។ លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍ថា សហរដ្ឋអាមេរិកមានសំណើថ្មីៗមួយចំនួន ដើម្បីជួយបញ្ចប់សង្គ្រាម ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតឡើយ។
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក ពូទីន បានបញ្ជាឱ្យយោធារុស្ស៊ី ផ្អាកវាយប្រហារលើទីក្រុងកៀវ រយៈពេល៣ថ្ងៃ ដោយសារទស្សនកិច្ចរបស់ប្រេសិតអាមេរិក។ ក្នុងរយៈពេល១០ថ្ងៃកន្លងមក រុស្ស៊ីបានវាយប្រហារទីក្រុងកៀវទាំងពេលថ្ងៃ និងពេលយប់ ដោយប្រើមីស៊ីលនិងយន្តហោះដ្រូន រួមទាំងការវាយប្រហារកាលពីថ្ងៃសុក្រ លើទីស្នាក់ការរបស់ SBU ដែលជាទីភ្នាក់ងារសន្តិសុខរបស់អ៊ុយក្រែន។
ក្នុងអំឡុងរដូវក្តៅឆ្នាំនេះ អ៊ុយក្រែនបានធ្វើការវាយប្រហារដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរលើ រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងរបស់រុស្ស៉ី ព្រមទាំងឃ្លាំងក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៉ី Wildberries ក្នុងគោលបំណងបង្កើនការចំណាយសម្រាប់ទីក្រុងមូស្គូ ក្នុងការបន្តសង្គ្រាមរបស់ខ្លួន។ យ៉ាងណាមិញ លោក ហ្សេលេនស្គី បាននិយាយថា ទីក្រុងកៀវបានត្រៀមខ្លួន មិនធ្វើការវាយប្រហារលើទីក្រុងមូស្គូ រហូតដល់ថ្ងៃចន្ទ ស្របពេលប្រេសិតអាមេរិកធ្វើទស្សនកិច្ច៕

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print