ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកងកម្លាំងឆ្មាំសមុទ្រ នៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងាររួមឱ្យកាន់តែមានប្រសិទ្ធភាព។
ពិធីនេះប្រព្រឹត្តិក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) និងលោក Cho Yoon Min អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត នៃកងឆ្មាំសមុទ្រកូរ៉េ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន នៃអ.ជ.ប.គ.ញ. តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងកងទ័ពជើងទឹក, តំណាងមន្ទីរប្រឆាំងគ្រឿងញៀននិងមន្ត្រីជំនាញនៃអ.ជ.ប.គ.ញ.។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាសក្ខីភាពដ៏សំខាន់មួយ ក្នុងការបង្ហាញពី ឆន្ទៈ និងការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងសម្របសម្រួលការងារឱ្យកាន់តែជិតស្និទ្ធ ឈានទៅមុខកាន់តែរឹងមាំ សម្រេចបាននូវគោលដៅរួមក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរ ដឹកជញ្ជូនគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន៕ដោយ៖តារា










