កម្ពុជា-កូរ៉េខាងជើង ប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ចែករំលែក៖

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហប្រតិបត្តិការល្អទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ ក្រោមដំបូលសន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់។

ការបញ្ជាក់ជាថ្មីអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី៧៨ នៃ ការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ដែលរៀបចំឡើងដោយស្ថានទូតកូរ៉េខាងជើងប្រចាំ ព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការយាង ចូលរួមពីព្រះរាជវង្សានុវង្ស និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកអង្គទូត ព្រមទាំងភ្ញៀវ កិត្តិយសជាច្រើនរូបទៀត។

លោក ប៉ាក់ ឆុល ជុន (Pak Chol Jun) ភារធារីស្តីទីនៃ ស្ថានទូតកូរ៉េខាងជើង បានលើកឡើងពីមូលដ្ឋានប្រវត្តិសាស្ត្រនៃ ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងជើង ដោយបញ្ជាក់ថា មិត្តភាពរវាងប្រទេសទាំងពីរត្រូវបានកសាងឡើងតាមរយៈ ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងស្ថាបនិកសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ អតីតប្រធានាធិបតី គីម អ៊ីល ស៊ុង និង ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតន កោដ្ឋ។

លោកបានលើកឡើងថា មិត្តភាពរវាងប្រទេសទាំងពីរ ដែលមាន ឫសគល់យ៉ាងរឹងមាំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងមេដឹកនាំជំនាន់ មុននៃប្រទេសទាំងពីរ បានអភិវឌ្ឍយ៉ាងល្អប្រសើរអស់រយៈពេល ជាង ៦ ទសវត្សរ៍មកហើយ។

លោក ប៉ាក់ ឆុល ជុន បានបញ្ជាក់ថា កូរ៉េខាងជើងនឹងបន្តថែរក្សា ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងមិត្តភាពប្រពៃណីជាមួយកម្ពុជា ព្រមទាំងខិតខំពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរឱ្យកាន់តែទូលំទូលាយលើគ្រប់វិស័យ។

លោកក៏បានលើកឡើងថា កូរ៉េខាងជើងនឹងបន្តអភិវឌ្ឍទំនាក់ទំនង មិត្តភាពជាមួយបណ្តាប្រទេសដែលគោរពអធិបតេយ្យភាពរបស់ ខ្លួន និងគាំទ្រសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

ជាមួយគ្នានេះ លោកបានរំលេចអំពីការអភិវឌ្ឍផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក គីម អ៊ីល ស៊ុង លោក គីម ជុង អ៊ីល និងលោក គីម ជុង អ៊ុន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការពង្រឹង សមត្ថភាពការពារជាតិ។

លោកបានឱ្យដឹងថា កូរ៉េខាងជើងកំពុងសម្រេចបាននូវសមិទ្ធផល សំខាន់ៗ ក្នុងការអនុវត្តភារកិច្ចដែលបានអនុម័តក្នុង មហាសន្និបាតលើកទី៩ នៃគណបក្សពលករកូរ៉េ ដែលបាន ប្រព្រឹត្តទៅកាលពីខែកុម្ភៈកន្លងទៅ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានសម្តែងការអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី៧៨ នៃ ការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

លោករដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ បានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងជើងបាន រក្សាទនា រក្សាទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពប្រពៃណី ដែលមាន ឫសគល់យ៉ាងជ្រៅពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ និងអតីតសេនាប្រមុខ គីម អ៊ីល ស៊ុង។

រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ បានបញ្ជាក់បន្ថែមថា ទំនាក់ទំនងការទូតរវាងកម្ពុជា និង កូរ៉េខាងជើងត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៦៤ ហើយនៅឆ្នាំ២០២៤ ប្រទេសទាំងពីរបានប្រារព្ធខួប លើកទី៦០ នៃទំនាក់ទំនងការទូត តាមរយៈការផ្លាស់ប្តូរសារ អបអរសាទររវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ «សម្លឹងឆ្ពោះទៅ អនាគត ខ្ញុំមានទំនុកចិត្តថា ទំនាក់ទំនងដ៏ល្អ និងកិច្ច សហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងកូរ៉េខាងជើង នឹងត្រូវបានពង្រឹង និងលើកកម្ពស់បន្ថែមទៀត ដើម្បីជាប្រយោជន៍ ទៅវិញទៅមកដល់ប្រជាជននៃប្រទេសទាំងពីរ»។

លោក​រដ្ឋមន្ត្រីបានបញ្ជាក់ថា ទំនាក់ទំនងដ៏យូរអង្វែងរវាង ប្រទេសទាំងពីរ បានក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រជាជន និង ប្រជាជន។

...

សូមជម្រាបថា​ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ត្រូវបានបង្កើត ឡើងជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៨ ហើយថ្ងៃទី៩ ខែកញ្ញា ត្រូវបានប្រារព្ធជាទិវាបុណ្យជាតិរបស់កូរ៉េខាងជើង ជា រៀងរាល់ឆ្នាំ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print