ខេត្តកំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ខូវ គួង អគ្គនាយករងទទួលបន្ទុករួម នៃអគ្គនាយកដ្ឋានជលផល និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយសមត្ថកិច្ចជំនាញបានដកហូត និងឃាត់ទុកវត្ថុតាងពាក់ព័ន្ធ នឹងបទល្មើសជលផល រួមមាន៖
ករណីទី១ នៅចំណុចស្ពានអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម សមត្ថកិច្ចបានដកហូតម៉ូតូរ៉ឺម៉ក ម៉ាក Wave ពណ៌ទឹកប៊ិច ចំនួន ១គ្រឿង និងកូនត្រីចម្រុះទម្ងន់ ២៤០គីឡូក្រាម។
ករណីទី២ នៅចំណុចទំនប់បឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សមត្ថកិច្ចបានដកហូតម៉ូតូរ៉ឺម៉កម៉ាក Honda Future Neo ពណ៌ក្រហម ចំនួន ១គ្រឿង និងកូនត្រីចម្រុះទម្ងន់ ១៧០គីឡូក្រាម។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញជលផលកំពុងបន្តស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធក្នុងការលក់ ទិញ និងចែកចាយកូនត្រីខាងលើ ព្រមទាំងកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងច្បាប់ស្តីពីជលផល៕
ដោយ៖ សុរិយា










