ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានប្រតិកម្មយ៉ាងខ្លាំងក្លា ដោយចាត់ទុកការបង្ហោះសារនៅលើបណ្តាញសង្គម Facebook របស់គណនីឈ្មោះ “Leng Navatra ឡេង ណាវ៉ាត្រា”, “Ton Chan Seyma តន់ ចន្ទសីម៉ា” និង “Leng Nimol ឡេង និមល” ថាជាការបំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គមយ៉ាងធ្ងន់ធ្ងរ។
ក្រសួងបានគូសបញ្ជាក់ថា សកម្មភាពទាំងនេះអាចជាចេតនាញុះញង់បង្កចលាចល និងជាទង្វើបំពានទាំងផ្នែកផ្លូវច្បាប់ និងសីលធម៌វិជ្ជាជីវៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី។
ការប្រឈមមុខនឹងផ្លូវច្បាប់ ក្រសួងបានព្រមានថា ទង្វើរបស់គណនីទាំងនោះអាចនឹងត្រូវប្រឈមមុខនឹងចំណាត់ការច្បាប់យ៉ាងម៉ឺងម៉ាត់ ស្របតាមប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ រួមមាន៖
• មាត្រា ៣០៥៖ បទបរិហារកេរ្តិ៍ជាសាធារណៈ
• មាត្រា ៤៩៤ និង ៤៩៥៖ បទញុះញង់ និងការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
• មាត្រា ៥០២៖ បទប្រមាថ
• មាត្រា ៥០៥៖ បទញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ
ដំណោះស្រាយសម្រាប់អតិថិជនជាង ៣៨,០០០ គ្រួសារ ក្នុងស្មារតីរួមគ្នាដោះស្រាយវិបត្តិគម្រោងបុរី ឡេង ណាវ៉ាត្រា ដើម្បីការពារឧត្តមប្រយោជន៍របស់អតិថិជនប្រមាណជាង ៣៨,០០០ គ្រួសារ នៅទូទាំងប្រទេស ក្រសួងបានស្នើឱ្យ៖
• អតិថិជនទាំងអស់៖ បន្តចូលរួមអនុវត្តចំណាត់ការនានាក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ដោយស្មារតីយោគយល់ អធ្យាស្រ័យ និងការទទួលខុសត្រូវខ្ពស់។
• ភាគីក្រុមហ៊ុន និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ ត្រូវតែបន្តចូលរួមឱ្យបានសកម្ម និងទទួលខុសត្រូវ ក្នុងដំណោះស្រាយតាមយន្តការដែលបានឯកភាពគ្នា។
ក្រសួងរៀបចំដែនដីបានអះអាងជាថ្មីថា ខ្លួននៅតែបន្តដឹកនាំសម្របសម្រួលដោះស្រាយវិបត្តិជាប់គាំងនៃគម្រោងទាំងនេះរហូតដល់ទីបញ្ចប់ ព្រមទាំងថ្លែងអំណរគុណដល់អតិថិជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវ នាពេលកន្លងមក៕ដោយ៖តារា
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទាំងស្រុងមានដូចខាងក្រោម៖










