សង្កសីចំនួន ១.៤២៥ សន្លឹក ស្មើនឹងប្រមាណ ៧.៥៤២ ម៉ែត្រការ៉េ ដែលជាអំណោយរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានលោក ចាន់ យុត្ថា នាំយកទៅប្រគល់ជូនកងពលតូចលេខ ៣១ អន្តរាគមន៍ការពារកោះ-ឆ្នេរ នារសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ។
លោក ចាន់ យុត្ថា បានលើកឡើងថា ជានិច្ចកាលលោករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងទ័ព ព្រោះថា សង្គមជាតិបានសុខក្សេមក្សាន្ត មានសន្តិភាព មានការអភិវឌ្ឍ ដូចពេលបច្ចប្បន្ននេះ គឺមិនអាចកាត់ផ្តាច់ពីពលិកម្មរបស់កងទ័ពបានឡើយ ។
លោក ឧត្តមនាវីឯក មេបញ្ជាការកងពលតូចលេខ ៣១ អន្តរាគមន៍ការពារកោះ-ឆ្នេរ បានមានប្រសាសន៍ថា ក្នុងនាម នាយនាវី នាយនាវីរង និងពលនាវី ទាំងអស់ លោកសូមសំដែងនូវអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ អង្គភាព ទាំងស្មារតី និងសម្ភារ។
លោកមេបញ្ជាការបន្តថា ស្បៀងអាហារ ថវិកា ជម្រកស្នាក់នៅ ទំនប់ទឹក ម៉ាសុីនបូមទឹក និងសមិទ្ធផលផ្សេងៗមួយចំនួនទៀត ត្រូវបានលោករដ្ឋមន្ត្រីផ្តល់ដល់អង្គភាពនាពេលកន្លងមក ហើយថ្ងៃនេះ លោករដ្ឋមន្ត្រីបានផ្តល់នូវសង្កសីជិត ៧.៥០០ ម៉ែត្រការ៉េ បន្ថែមទៀត ដល់អង្គភាព យកទៅជួសជុលដំបូលអគារស្នាក់នៅរបស់កងទ័ព ៕