ខេត្តមណ្ឌលគិរី ៖ អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក គង់ គឹមនី ជាប្រធានគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ,អភិបាលរងខេត្ត១រូបជា អនុប្រធានអចិន្ត្រៃយ៍ ,អភិបាលរងខេត្ត៣រូប ជាអនុប្រធាន ,ស្នងការនគរបាលខេត្ត ,មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាអនុប្រធាន នាយករដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ៥រូប ជាសមាជិក អភិបាលក្រុង ស្រុកទាំង៥ ជាសមាជិក ,នាយខណ្ឌរដ្ឋបាលជលផល នាយខណ្ឌរដ្ឋបាលព្រៃឈើ ជាសមាជិក ។ នេះបើយោងតាមរដ្ឋបាលខេត្តមណ្ឌលគរិរី ចេញ សេចក្តីសម្រេច
ស្តីពី ការកែសម្រួលសមាសភាពគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងនោះ អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី គណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បានចាត់ចែងការងារមានដូចជា ៖
-ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាការកាប់ឈើ ការដឹកឈើ និងការនាំ ចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រាន ទន្ទ្រាន យកដីរដ្ឋ ព្រមទាំងការរុករករ៉ែដោយខុសច្បាប់ក្នុងខេត្ត ។
-អង្កេត និងស្រាវជ្រាវ ស្វែងរកអ្នកប្រព្រឹត្តបទល្មើស និងអ្នកពាក់ព័ន្ធនឹងសកម្មភាព នៃបទល្មើស ធនធានធម្មជាតិ ។
-ចាប់ជនល្មើស និងវត្ថុតាងនៃបទល្មើសធនធានធម្មជាតិ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
-សហការជាមួយគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងអាជ្ញាធរខេត្តជាប់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ។
-ធ្វើរបាយការណ៍អំពីលទ្ធផលការងាររបស់គណៈកម្មការខេត្ត ជូនគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
-គណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី មានសិទ្ធិប្រើប្រាស់ត្រារបស់រដ្ឋបាលខេត្តមណ្ឌលគិរី។
-មានសិទ្ធិប្រើប្រាស់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ក្រោមឱវាទទៅតាមតម្រូវការការងារចាំបាច់ ។
-បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ភារកិច្ចពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ ។
-ត្រូវបានបង្កើតក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានអភិបាលរងខេត្ត១រូប ជាប្រធាន ,នាយករដ្ឋបាលខេត្ត ១រូប ,ស្នងការនគរបាលខេត្ត ១រូប ,មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ១រូប ជាអនុប្រធាន និង១៨រូបទៀតជាសមាជិក ។
ក្រុមលេខាធិការដ្ឋានគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី មានតួនាទី និងភារកិច្ចដូចខាងក្រោម ៖
ជាជំនួយការ ឱ្យគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។
កសាងផែនការសកម្មភាព តាមដានត្រួតពិនិត្យ បូកសរុប និងរាយការណ៍ជូនគណៈកម្មការ ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
ជួយរៀបចំ និងកសាងរបាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារក្នុង ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ ។
រៀបចំការប្រជុំរបស់ក្រុមលេខាធិការដ្ឋាន និងគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ឱ្យបានទៀងទាត់។
ក្រុមលេខាធិការដ្ឋានគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានទីតាំងនៅសាលាខេត្តមណ្ឌលគិរី ។
មានសិទ្ធិប្រើប្រាស់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធតាមការចាំបាច់ ។
បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ភារកិច្ចពីគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ ។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។
នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលសាលាខេត្ត និងឯកឧត្តម លោក លោកស្រី ដូចមានឈ្មោះក្នុងប្រការ១ និងប្រការ៣ ខាងលើ ត្រូវមានភារកិច្ចអនុវត្តតាមសេចក្តី សម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា











