លោកបណ្ឌិត គុណ ញឹម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនកងពលធំអន្ដរាគមន៍លេខ ២ នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត  គុណ  ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនកងពលធំអន្ដរាគមន៍លេខ ២ នៅខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកបណ្ឌិត  គុណ  ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់វីរកងទ័ពទាំងអស់។ 

លោកបណ្ឌិត  គុណ  ញឹម ក៏បានថ្លែងនូវការគោរពដឹងគុណជូនដល់វីរកងទ័ពទាំងអស់របស់កម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងសមរភូមិប្រយុទ្ធទល់នឹងអំពើឈ្លានពានយ៉ាងកម្រោលទាំង ២លើក ពីសំណាក់យោធាថៃ និងការបន្តឈរជើងយ៉ាងអង់អាច ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដើម្បីការពារបូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋ។ ថ្វីត្បិតចាប់ពីការអនុវត្តបទឈប់បាញ់នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ មានភាពស្ងប់ស្ងាត់ ប៉ុន្តែវីរកងទ័ពកម្ពុជា ក៏នៅតែបន្តឈរជើងប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចនៅតាមបណ្ដោយព្រំដែន។ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា ការនាំយកអំណោយពេលនេះ ក៏ដូចជាពេលកន្លងមក ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងស្មារតីគាំទ្រ និងការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ដើម្បីលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជាទាំងអស់។

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និង លោកជំទាវបណ្ឌិត សម្រាប់ឧបត្ថម្ភជូនកងពលធំអន្ដរាគមន៍លេខ ២ រួមមាន៖ អង្ករ ៥ តោន, ត្រីខកំប៉ុង ១០០ កេស, មីកញ្ចប់ ៥០០ កេស, អាហារកំប៉ុង ៥១៦ កំប៉ុង, ទឹកសុទ្ធ (៥០០ml) ២០០ កេស, ទឹកដោះគោខាប់ ៥០ កេស, Milk Tea សម្រាប់ឆុង ៥០ កេស, ទឹកក្រូច V-Cola ១៣០ កេស, កាហ្វេ 3 in 1 ២០ កេស, ស្ករស ៥០០ គ.ក្រ, អំបិល ៦៣០ កញ្ចប់, សាច់បង្កក ៣ តោន, សាច់ក្រក ៥០០ គ.ក្រ, បារី ៣០០ កេស (20,130 សុង), Berocca ៧១៩ ទីប, ថ្នាំបំបាត់ការឈឺចាប់ ៣៥ ប្រអប់, ថ្នាំបាញ់មូស ៦ កេស, ម្ទេសក្រៀម ១០ កេស, Kit តូច (នំប្រៃ ២កញ្ចប់+ទឹកដោះគោខាប់ ៤កំប៉ុង) ២០០ ឈុត, គ្រែដែក ២ ជាន់ ១៣៨ ឈុត, ក្រណាត់ ៦០ដុំ និងសម្លៀកបំពាក់ ៥០កេស  ព្រមទាំងថវិកាមួយចំនួន។

គួរបញ្ជាក់ថា ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃមកលើកម្ពុជាកន្លងមក សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងតែនាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ មធ្យោបាយធ្វើដំណើរ និងថវិកាមួយចំនួន ប្រគល់ជូនវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធ សម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី សរុបចំនួន ១២លើក។ កាលពីខែកក្កដាកន្លងទៅ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានចុះទៅសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភដល់គ្រួសារយុទ្ធជនពលី, យុទ្ធជនរងរបួសក្នុងសមរភូមិក្នុងពេលសង្គ្រាមឈ្លានពានរបស់កងទ័ពថៃកន្លងមក និងយុទ្ធជនកំពុងឈរជើងប្រចាំការនៅសមរភូមិមុខ សរុបចំនួន ២៤១ គ្រួសារ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បន្ថែមលើនេះ សមាគមក៏បាននាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៨លើក ស្មើនឹងចំនួន ២០ ៤៤៦ គ្រួសារ ផងដែរ។ សមាគម នឹងបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និង លោកជំទាវបណ្ឌិត ឧបត្ថម្ភជូនវីរកងទ័ពនិងប្រជាពលរដ្ឋភៀសសឹកបន្ថែមទៀតនាពេលអនាគត៕

ប្រភព ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print