ខេត្តឧត្តរមានជ័យ÷ មន្ត្រីនគរបាលក្រុងសំរោងបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ខែកញ្ញានេះថា ជនសង្ស័យចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ចក្រុងសំរោងឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធករណីលួចម៉ូតូ) ជាច្រើនលើក យកទៅកែច្នៃដំឡើងថ្មី ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ។
ជនសង្ស័យទាំង០៤នាក់ រួមមាន : ១- ឈ្មោះ វឿន ផល្លី ភេទប្រុស អាយុះ១៩ឆ្នាំ រស់នៅភូមិតានេស ឃុំគោកមន ស្រុកបន្ទាយអម្ពិល,២- ឈ្មោះ ជីវ លីហុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង, ៣- ឈ្មោះ អំ សារុំ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោងនិង៤- ឈ្មោះ រិទ្ធ ប៊ុនខេង ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិត្របែក សង្កាត់បុស្សវ ក្រុងសំសំរោង។
របាយការណ៍សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទី ដោយមានការចង្អុល បង្ហាញពី លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់លោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបុស្បូវ និងអាជ្ញាធរភូមិ ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាសកម្មក្នុងអំពើលួច និងមុខសញ្ញាផ្ដល់ទីតាំងចូលរួមក្នុងអំពើកាត់តដំឡើងកែច្នៃម៉ូតូដែលបានមកពីអំពើចោរកម្ម ចំនួន ០៤នាក់ រួមមាន :
១- ឈ្មោះ វឿន ផល្លី ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិតានេស ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ជាមុខសញ្ញាសកម្មក្នុងអំពើលួច និងប្រើប្រាស់សារធាតុញៀន) ។
២- ឈ្មោះ ជីវ លីហុង ហៅ (កុយ) ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ជាមុខសញ្ញាសកម្មក្នុងអំពើលួច និងប្រើប្រាស់សារធាតុញៀន) ។
៣- ឈ្មោះ អំ សារុំ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង (ជាអ្នកផ្ដល់ទីតាំងកាត់តដំឡើងកែច្នៃម៉ូតូចោរកម្ម ប្រើប្រាស់សារធាតុញៀន) ។
៤- ឈ្មោះ រិទ្ធ ប៊ុនចេន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង (ជាអ្នកចូលរួមជួយកាត់ដំឡើង ច្នៃម៉ូតូចោរកម្ម ប្រើប្រាស់សារធាតុញៀន) ។
ជនសង្ស័យទាំងបួននាក់ដែលបានប្រព្រឹត្តនូវអំពើ លួច ចំនួន ០៣ករណី និងអំពើ ផ្ដល់ទីតាំងកាត់ត, ដំឡើង ,កែច្នៃម៉ូតូដែលបានមកពីអំពើចោរកម្ម កាលពីថ្ងៃទី០៣ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២២៦ នៅចំណុចភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង និងកាលពីថ្ងៃទី០៧ និងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិពុរ សង្កាត់សំរោង ក្រុងសំរោង និងនៅចំណុចភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ បានធ្វើការឆែកឆេររកឃើញសម្ភារវត្ថុតាងរួមមាន :
– ម៉ូតូចំនួន ០៤គ្រឿង- គ្រឿងបន្លាស់ម៉ូតូ ០១ចំនួនធំ និងសម្ភារសម្រាប់កាត់តដំឡើងម៉ូតូចោរកម្មមួយចំនួន ។
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យទាំង ០៤នាក់ ខាងលើ ត្រូវសមត្ថកិច្ចបានបញ្ជូន និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










