រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន បន្តជួយផ្សព្វផ្សាយអំពីស្ថានភាពពិត សន្តិសុខ សុវត្ថិភាព បដិសណ្ឋារកិច្ច និងសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងយុវជនជប៉ុនមកទស្សនាកម្ពុជាកាន់តែច្រើន

ចែករំលែក៖

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង និងជាតំណាងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា (Hiroshima University of Economics) នៃប្រទេសជប៉ុន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពជួយក្នុងវិស័យទេសចរណ៍ និងអប់រំកន្លងមកនៅប្រទេសកម្ពុជា និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថ្មីៗនេះ (កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៦)។

 

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Hirokazu Kashitani និងគណៈប្រតិភូសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា ដែលបានបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្តូរអន្តរជាតិជាមួយប្រទេសកម្ពុជា (Cambodia international Exchange Program) និងសកម្មភាពអភិវឌ្ឍសហគមន៍ជាច្រើននៅកម្ពុជា ដូចជានៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រៃវែងជាដើម ដែលពិតជាបានរួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ពង្រឹងការយល់ដឹងរវាងយុវជន និងនិស្សិតនៃប្រទេសទាំងពីរ ជាពិសេសគឺការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ព្រមទាំងការលើកកម្ពស់ការយល់ដឹងពីសុខភាព និងអនាម័យ។

 

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលបច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អ្នកផលិតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រួមទាំងទីផ្សារជប៉ុនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

 

ជាមួយគ្នានេះដែរ លោក Hirokazu Kashitani និងគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងទេសចរណ៍កន្លងមក និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការផ្លាស់ប្តូរនិស្សិត ការអភិវឌ្ឍកម្មវិធីអប់រំ និងការចែករំលែកបទពិសោធន៍របស់ប្រទេសជប៉ុន ជាពិសេសបទពិសោធន៍នៃការកសាងទីក្រុងហ៊ីរ៉ូស៊ីម៉ាឡើងវិញក្រោយសង្គ្រាមលោកលើកទី២ ដើម្បីលើកកម្ពស់ស្មារតីសន្តិភាព ភាពធន់ និងការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម។

 

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានស្នើសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា រៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ព្រមទាំងពិនិត្យលទ្ធភាពរៀបចំកម្មវិធី កម្មវិធីផ្លាស់ប្តូរការសិក្សា កម្មវិធីសិក្សាវគ្គខ្លី ដំណើរទស្សនកិច្ចសិក្សា សម្រាប់មន្ត្រីក្រសួងទេសចរណ៍ និងនិស្សិតកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ព្រមទាំងបានស្នើសាកលវិទ្យាល័យបន្តជួយផ្សព្វផ្សាយអំពីស្ថានភាពពិត សន្តិសុខ សុវត្ថិភាព បដិសណ្ឋារកិច្ច និងសក្តានុពលទេសចរណ៍របស់កម្ពុជា តាមរយៈគេហទំព័រ និងបណ្តាញផ្សព្វផ្សាយរបស់សាកលវិទ្យាល័យ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងយុវជនជប៉ុនមកទស្សនាកម្ពុជាកាន់តែច្រើន។

...

 

សូមជម្រាបជូនថា សកលវិទ្យាល័យ បានអនុវត្តកម្មវិធីផ្លាស់ប្តូរអន្តរជាតិនៅកម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៩ និងបានដឹកនាំនិស្សិតមកទស្សនាប្រទេសកម្ពុជាជាង១៧ លើក ដើម្បីចូលរួមសកម្មភាពអប់រំ សុខភាព អនាម័យ និងការងារសហគមន៍ទេសចរណ៍នៅតាមបណ្តាខេត្តនានារបស់កម្ពុជា។ តាមរយៈកម្មវិធីនៅកម្ពុជានេះ សាកលវិទ្យាល័យបានផលិតសៀវភៅអប់រំសម្រាប់កុមារកម្ពុជាស្តីពីសន្តិភាព និងការកសាងប្រទេសឡើងវិញ ហើយកំពុងរៀបចំសៀវភៅអប់រំបន្ថែមស្តីពីសន្តិភាព និងភាពធន់ ដើម្បីរួមចំណែកអភិវឌ្ឍយុវជន និងសង្គមកម្ពុជា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print