មន្រ្តីជំនាញ ផ្អាកផលិតកម្មក្រុមហ៊ុន ROYAL CERA នៅកំពត ខណៈមិនទាន់កែប្រព័ន្ធគ្រប់គ្រងសំណល់រាវបានល្អ

ចែករំលែក៖

ខេត្តកំពត៖ មន្រ្តីជំនាញ បានសម្រេចបន្តឱ្យក្រុមហ៊ុន ROYAL CERA CO., LTD. ផ្អាកដំណើរការផលិតកម្ម បន្ទាប់ពីក្រុមការងារចុះត្រួតពិនិត្យជាថ្មី ហើយរកឃើញថា ក្រុមហ៊ុនផលិតក្បឿង ចានបង្គន់ និងការ៉ូនេះ នៅមិនទាន់បានចាត់វិធានការគ្រប់គ្រងសំណល់រាវឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទដ្ឋានបច្ចេកទេសបរិស្ថាននៅឡើយ។

ការត្រួតពិនិត្យនេះធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ត្រីជំនាញមកពីមន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរសុខាភិបាល មន្ទីរធនធានទឹក និងឧតុនិយម រដ្ឋបាលស្រុកទឹកឈូ រដ្ឋបាលស្រុកដងទង់ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យករណីបំពុលបរិស្ថានដែលពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនមានទីតាំងស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ តាមលទ្ធផលត្រួតពិនិត្យ ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនដំណើរការដោយគ្មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់។ លើសពីនេះ ក្រុមហ៊ុនក៏មិនមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវ ហើយការដឹកជញ្ជូនសំណល់ចេញក៏មិនមានលិខិតអនុញ្ញាតត្រឹមត្រូវ។

បញ្ហានេះក៏ត្រូវបានក្រុមការងារពិនិត្យមុននេះផងដែរ។ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធធ្លាប់បានចុះត្រួតពិនិត្យ និងតម្រូវឱ្យក្រុមហ៊ុនអនុវត្តតាមវិធានការច្បាប់ និងបទដ្ឋានបច្ចេកទេសបរិស្ថានឱ្យបានត្រឹមត្រូវ ប៉ុន្តែការត្រួតពិនិត្យនៅថ្ងៃទី១២ ខែកញ្ញា បានបង្ហាញថា ក្រុមហ៊ុននៅមិនទាន់បានអនុវត្តតាមការតម្រូវនោះនៅឡើយ។

ដោយសារមិនទាន់មានការកែតម្រូវតាមការណែនាំ ក្រសួងបរិស្ថានបានដាក់វិធានការឱ្យក្រុមហ៊ុន បន្តផ្អាកដំណើរការផលិតកម្ម និងបញ្ឈប់ការបញ្ចេញសំណល់រាវជាបន្ទាន់។ ក្រុមហ៊ុនត្រូវសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ និងអនុវត្តឱ្យស្របតាមច្បាប់ ព្រមទាំងក្រមបរិស្ថាន និងធនធានធម្មជាតិ ឱ្យបានខ្ជាប់ខ្ជួន មុននឹងអាចបើកដំណើរការផលិតកម្មឡើងវិញ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនត្រូវបូមសំណល់រាវដែលបានយកទៅចាក់ចោលនៅរណ្តៅដី យកមកដាក់ក្នុងស្រះស្តុករបស់ក្រុមហ៊ុនជាបណ្តោះអាសន្នវិញ។ ចំពោះទីតាំងនៅស្រុកដងទង់ ដែលមានការចាក់សំណល់រាវ ក្រុមហ៊ុនត្រូវកាយដីភក់នៅទីតាំងនោះ យកមកដាក់ក្នុងទីតាំងរបស់ក្រុមហ៊ុនវិញ ហើយត្រូវបំពេញការងារទាំងនេះឱ្យរួចរាល់មុនថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

មន្រ្តីជំនាញ បានបញ្ជាក់ថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសតាមបទប្បញ្ញត្តិនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ពាក់ព័ន្ធនឹងមាត្រា១៥៦ មាត្រា១៦១ មាត្រា១៧៣ មាត្រា២៨៧ និងមាត្រា៦៦៨ ព្រមទាំងអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។ ដូច្នេះ ការបើកដំណើរការផលិតកម្មឡើងវិញរបស់ក្រុមហ៊ុន ត្រូវរង់ចាំរហូតដល់មានការអនុវត្តវិធានការដែលក្រសួងបរិស្ថានបានកំណត់ ជាពិសេសការរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ និងការគ្រប់គ្រងសំណល់រាវឱ្យបានត្រឹមត្រូវតាមច្បាប់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print