ខេត្តកែប៖ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាបករណីបាញ់បោះសេរី ប្រើប្រាស់អាវុធ និងរក្សាទុកអាវុធដោយខុសច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ជិតរង្វង់មូលសេះស ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកែប ដឹកនាំដោយលោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង។
ប្រតិបត្តិការខាងលើនេះ ត្រូវបានអនុវត្តដោយមានការសម្របសម្រួលនីតិវិធីពីលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប។ ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងនោះមានជនជាតិចិន ៣នាក់ ស្រី ១នាក់ និងជនជាតិខ្មែរ ២នាក់ ស្រី ១នាក់ ព្រមទាំងដកហូតវត្ថុតាងជាអាវុធមួយចំនួន។
ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីធ្វើការសាកសួរ និងអនុវត្តនីតិវិធីតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ WU YANWEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងគ្មានលិខិតឆ្លងដែន រួមជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែក ជនសង្ស័យចំនួន ៤នាក់ទៀត ត្រូវបានលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប អនុញ្ញាតឱ្យធ្វើការអប់រំ និងឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕










