ខេត្តបាត់ដំបង៖ ក្មេងស្រី០២នាក់លង់ទឹកប្រឡាយខាងត្បូងផ្ទះបណ្តាលអោយស្លាប់ម្នាក់ និងម្នាក់ទៀតត្រូវបានសង្គ្រោះនៅវេលាម៉ោង ១៣និង៣៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី១១ ស្ថិតក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជីដូនបាននាំចៅស្រី០២នាក់ ដែលម្នាក់ឈ្មោះ ណុយ រចនា អាយុ ០៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហាន ស្រីនីត អាយុ ០៧ឆ្នាំ ទាំងអស់គ្នារស់នៅភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីទៅច្រូតស្មៅនៅវាល ស្រែខាងត្បូងផ្ទះចម្ងាយប្រហែល ២០០ម៉ែត្រ។
លុះក្រោយមកចៅស្រីប្អូនបានចុះលេងទឹកក៏បណ្ដាលឱ្យលង់ ហើយចៅស្រីច្បងក៏ចុះទៅជួយក៏បានលង់ទាំងពីរនាក់តែម្តង ភ្លាមនោះទាំងជីដូនក៏ដូចជាបងប្អូនអ្នកភូមិបានរត់មកជួយរាវរកបានចៅស្រីច្បងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី ហើយដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក៏សង្រ្គោះបាន ចំណែកចៅស្រីប្អូនបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចមកក៏បានប្រគល់សពក្មេងស្រីរងគ្រោះឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុរិយា










