អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក! អាវុធហត្ថបង្ក្រាបក្រុមក្មេងទំនើង៤នាក់ ប្រដាប់ដោយកាំបិត និងដំបង ព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ៤នាក់ ដែលប្រដាប់ដោយកាំបិត និងដំបង បានព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១៩:៤៥នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចទំនប់២៤ ក្បែរវិទ្យាល័យ២៤កញ្ញា ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំពោធិអង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ ឪពុករបស់ជនរងគ្រោះបានទំនាក់ ទំនងសុំកិច្ចអន្តរាគមន៍ពីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមរយៈលេខ Hotline 1292។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកការស្រាវ ជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានទៅដល់ការឃាត់ខ្លួនបានចំនួន ៤នាក់ជាបន្តបន្ទាប់ រួមមាន៖

១. ឈ្មោះ សុត វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស,២. ឈ្មោះ ដុស ជីវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខ របរនៅផ្ទះ,៣. ឈ្មោះ សឿន ស៊ីម៉ាស ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្សនិង៤. ឈ្មោះ ផុន ចាន់ថន ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងមួយចំនួន រួមមាន៖ ម៉ូតូចំនួន ២គ្រឿង និងទូរស័ព្ទដៃម៉ាក iPhone ចំនួន ៤គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រសិនបើបានឃើញក្រុមក្មេងទំនើង បទល្មើសចោរកម្ម ប្លន់ គ្រឿងញៀន ឬជួបឧបទ្ទវហេតុផ្សេងៗ ដែលត្រូវការកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ សូមទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ Hotline 1292។

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងរក្សាការណ៍សម្ងាត់ជូនប្រជាពលរដ្ឋដែលផ្តល់ព័ត៌មានផងដែរ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print