ខេត្តសៀមរាប÷ អនុវត្តតាមអនុសាសន៍ណែនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ ព័ន្ធករណីលួច (លួចម៉ូតូ)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយក្នុងចំណោមជនសង្ស័យខាង លើ មានជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ធ្លាប់ជាប់ ពន្ធនាគារ ករណីលួចម៉ូតូ។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៥,០០នាទី ស្ថិតនៅចំណុចមុខផ្ទះ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប មានករណីលួចម៉ូតូ ម៉ាក ហុងដាស្គុបពីអាយ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ផ្លាកលេខ ភ្នំពេញ ១JC-១១៧០ របស់ជនរងគ្រោះឈ្មោះ ក.ស.ហ ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះភ្លាម សមត្ថកិច្ចក៏បានចុះស្រាវជ្រាវ រហូតកំណត់មុខ សញ្ញាបានឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក នៅចំណុចក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងដោះដូរផ្លាកលេខ ហើយនាំខ្លួនយកមកសួរនាំ។
ក្រោយពីសួរនាំជនសង្ស័យឈ្មោះហាន ភា ហៅម៉ៅ បានឆ្លើយសារភាពថា ខ្លួនក្រោយពីចេញពីពន្ធនាគារខេត្តសៀមរាប បានធ្វើសកម្មភាពលួចម៉ូតូចំនួន ២លើក ដោយលើកទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៨÷៣០នាទី បានលួចម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ផ្លាកលេខព្រះវិហារ ១E-២៨៤០ នៅចំណុចលើផ្លូវគ្រួសក្រហម ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីលួចបាន យកឱ្យបក្ខពួកឈ្មោះ ស៊ា សារ័ត្ន ហៅហាក់ ទុកសម្រាប់ជិះ ហើយលើកទី២ក្នុងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៦ បានលួចម៉ូតូម៉ាកស្គុបពី ខាងលើ ហើយប្រាប់បក្ខពួកឈ្មោះ ស៊ា សារ័ត្ន ហៅហាក់ ដោយយកមកប្តូរផ្លាកលេខម៉ូតូដេីម្បីបំភ័នភ្នែកសមត្ថកិច្ច ពេលកំពុងប្តូរផ្លាកលេខ ក៏ត្រូវសមត្ថកិច្ចឃាត់ពួកខ្លួនបានតែម្តង ។
-វត្ថុតាងដកហូត ម៉ូតូរបស់ជនរងគ្រោះចំនួន២គ្រឿង ។
-យើងបានធ្វើតេស្តស្វែងរកសារធាតុញៀន តាមរយៈទឹកនោម លើជនសង្ស័យខាងលើ ជាលទ្ធផលជនសង្ស័យឈ្មោះស៊ា សារ័ត្ន ហៅហាក់ វិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕
ដោយ៖ សុរិយា










