ដើម្បីសុវត្ថិភាព រដ្ឋធានីប៉េកាំង នឹងហាមឃាត់ការកាន់កាប់យន្តហោះដ្រូន

ចែករំលែក៖

សាររព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានផ្សាយថា រដ្ឋធានីប៉េកាំងនៃប្រទេសចិន គ្រោងហាមឃាត់ការកាន់កាប់យន្តហោះដ្រូននៅក្នុងដែនរបស់ទីក្រុង ក្រោមច្បាប់ថ្មីដែលនឹងចូលជាធរមាន ចាប់ពីខែវិច្ឆិកាតទៅ។ វាជាការរឹតបន្តឹងបន្ថែម លើបទបញ្ញត្តិមានស្រាប់កន្លងមក ដែលបានហាមឃាត់ការលក់ ឬជួលឧបករណ៍ទាំងនេះរួចទៅហើយ។

គោលការណ៍ថ្មីខាងលើ ដែលបានប្រកាសកាលពីថ្ងៃអាទិត្យ ហើយគ្រោងនឹងចូលជាធរមាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ហាមឃាត់ការកាន់កាប់ ឬរក្សាទុកយន្តហោះគ្មានមនុស្សបើក (UAV) ឬយន្តហោះដ្រូន ក្នុងរដ្ឋធានីចិន និងហាមឃាត់ការហោះហើរយន្តហោះប្រភេទនេះ នៅក្នុងដែនអាកាសរបស់ទីក្រុងប៉េកាំង។ ការដឹកជញ្ជូនយន្តហោះដ្រូន ឬគ្រឿងបន្លាស់របស់វា ចូលមកក្នុងទីក្រុង ក៏នឹងត្រូវបានហាមឃាត់ផងដែរ។
ការភ័យព្រួយអំពីសុវត្ថិភាពដែនអាកាស នៅក្នុងទីក្រុងដែលមានប្រជាជន ២២លាននាក់នេះ បានក្លាយជាប្រធានបទផ្តោតសំខាន់ កាលពីខែមិថុនា នៅពេលដែលយន្តហោះខ្នាតតូច១គ្រឿង បានហោះបុកអគារខ្ពស់បំផុតរបស់ទីក្រុងប៉េកាំង បណ្តាលឱ្យអ្នកបើកបរស្លាប់ និងរបួសមនុស្ស១៣នាក់ផ្សេងទៀត។ បទបញ្ញត្តិដែលបង្កើតឡើងដោយរដ្ឋាភិបាលក្រុងប៉េកាំងផ្ទាល់ បានលើកហេតុផលពីភាពចាំបាច់ ដើម្បីការពារសន្តិសុខរបស់រដ្ឋធានីនេះ។
ក្រោមគោលការណ៍មានស្រាប់ ដែលបានដាក់ចេញកាលពីខែឧសភា ទីក្រុងប៉េកាំងបានហាមឃាត់ការលក់ ឬជួលយន្តហោះដ្រូនរួចហើយ ខណៈម្ចាស់ទាំងអស់ ត្រូវតែចុះឈ្មោះឧបករណ៍ដ្រូនរបស់ពួកគេ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យរក្សាទុកពួកវា។ ដោយឡែក បទបញ្ញត្តិថ្មីនេះ នឹងតម្រូវឱ្យម្ចាស់យន្តហោះដ្រូនទាំងអស់ បោះបង់ឧបករណ៍របស់ពួកគេ ឬផ្លាស់ទីពួកវាចេញពីទីក្រុងប៉េកាំង ត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខ ការរឹបអូសនិងការដាក់ពិន័យ។
អាជ្ញាធរនឹងជួយផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់ម្ចាស់ដើម្បីបោះចោលឧបករណ៍ដ្រូនរបស់ពួកគេ ឬលក់ពួកវាចេញ តាមរយៈបណ្តាញទិញត្រឡប់មកវិញ។ ម្យ៉ាងវិញទៀត ពួកគេក៏នឹងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ដើម្បីផ្ញើដ្រូនចេញពីទីក្រុងផងដែរ។
ការហោះហើរយន្តហោះដ្រូននៅក្នុងដែនអាកាសទីក្រុងប៉េកាំង កន្លងមកតម្រូវឱ្យមានការអនុញ្ញាតពីអាជ្ញាធររួចជាស្រេច។ យោងតាមច្បាប់ថ្មីខាងលើ ការលើកលែងអាចត្រូវបានផ្តល់ឱ្យ សម្រាប់គោលបំណងពិសេសៗដូចជា ការប្រឆាំងភេរវកម្ម កសិកម្ម កិច្ចប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ និងការស្រាវជ្រាវ ជាដើម៕

រូប​ថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print