កម្ពុជា ជ្រើសរើសយន្តការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ មិនមែនក្នុងន័យបង្កើនភាពតានតឹងនោះទេ ប៉ុន្តែដើម្បីកសាងទំនុកចិត្តឡើងវិញ និងដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា

ចែករំលែក៖

សិង្ហបុរី៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AKP នៃក្រសួងព័ត៍មាន បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាតំណាងរង (Deputy Agent) គណៈប្រតិភូ និងក្រុមប្រឹក្សាអ្នកច្បាប់របស់កម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។

 

តាមរយៈបណ្តញសង្គមការងារផ្លូវការ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការវិមជ្ឈការអចិន្ត្រៃយ៍ សមាជិកនៃគណៈកម្មការផ្សះផ្សា និងភាគីទាំងអស់ចំពោះវត្តមានក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តច្បាប់ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

 

ប្រមុខការទូតកម្ពុជា ក៏បានរំលេចថា ដោយធ្លាប់ឆ្លងកាត់ និងយល់យ៉ាងស៊ីជម្រៅអំពីការខាតបង់ដ៏ធំធេងដែលបណ្តាលមកពីជម្លោះ កម្ពុជាបានជ្រើសរើសផ្លូវការទូតនេះដែលស្ថិតក្រោមច្បាប់អន្តរជាតិ មិនមែនក្នុងន័យបង្កើនភាពតានតឹងនោះទេ ប៉ុន្តែដើម្បីកសាងទំនុកចិត្តឡើងវិញ និងដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ។

...

 

ចំពោះមុខគណៈកម្មការ និងគណៈប្រតិភូ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើរការនេះ ដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្ត កម្ពុជាស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិដែលជាដំណោះស្រាយធានានូវសន្តិភាពយូរអង្វែង ស្ថិរភាព និងភាពសុខដុមរមនាជាមួយគ្នាសម្រាប់ប្រជាជាតិទាំងពីរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print