ឧទ្យានជាតិគិរីរម្យ បង្ក្រាបបទល្មើសធនធានធម្មជាតិ ២៩ករណី ក្នុងរយៈពេលជិត១ខែ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិគិរីរម្យ ដោយចាប់ពីថ្ងៃទី១៩ ខែ សីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបានបង្ក្រាបបទល្មើសសរុបចំនួន២៩ករណី។

ក្នុងចំណោមបទល្មើសទាំង២៩ករណី រួមមាន៖ ករណីបោះបង្គោលហ៊ុមព័ទ្ធ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ចំនួន ២០ករណី ដោយដកហូតផ្ទៃដីទំហំប្រមាណ១០.៥៩ហិកតា។ ករណីកាប់ គាស់ រុករានដីព្រៃ ឆ្ការ និងដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ចំនួន៤ករណី ដោយដកហូតផ្ទៃដីទំហំប្រមាណ២.៥០ហិកតា។

ជាមួយគ្នានេះ ក៏មានករណីចាប់សត្វព្រៃដោយដាក់ អន្ទាក់ចំនួន១ករណី ដោយដកហូតអន្ទាក់ចំនួន១៥ខ្សែ និងសត្វស្វា១ក្បាលដែលងាប់ដោយសារជាប់អន្ទាក់។ ករណីកាប់រំលំ និងបំផ្លាញព្រៃឈើចំនួន២ករណី ដោយដកហូតឈើប្រភេទលេខ២ (ស្រល់) ចំនួន៦ដើម និងករណីរុករាន ទន្ទ្រានដី សង់រោង ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ចំនួន២ករណី។

ក្រសួងបរិស្ថានបានដាក់ចេញការអនុវត្ត «ច្បាប់ ២.១» ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃ ការកាប់ឈើខុសច្បាប់ និងការប្រមាញ់សត្វព្រៃនៅតាមតំបន់ការពារធម្មជាតិ និងបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ការអនុវត្តវិធានការនេះ គឺចាប់ផ្តើមពីការកសាងសំណុំ រឿងបទល្មើស រហូតដល់ការអនុវត្តនីតិវិធីឱ្យបានម៉ឺងម៉ាត់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print