ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍មួយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល ដោយសារតែបុរសជាជនអនាថា ដើរដេកតាមចញ្ចើមថ្នល់និងដើរសុំទាន ត្រូវបានគេប្រទះឃើញលង់ទឹកប្រឡាយជម្រៅ៤ម៉ែត្រស្លាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅជិតកសិដ្ឋានគាំពារកុមារកំព្រាភូមិរំដួល ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស្នា ហៅធឿន គ្មានទីលំនៅច្បាស់លាស់ រាលថ្ងៃគេឃើញដើរដេកតាមចិញ្ចើមថ្នល់ និងដើរសុំទាន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានតឲ្យដឹងថា ក្រោយពីមានការឆោឡោភ្ញាក់ផ្អើលប្រជាពលរដ្ឋក៏បានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឲ្យមកពិនិត្យ និងធ្វើកោសល្យវិច័យរកឃើញថា ជនរងគ្រោះមិនមានស្លាកស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មទេ ទើបសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារស្រវឹងដើរធ្លាក់ចូលប្រឡាយទឹកចិញ្ចឹមត្រីដែលមានជម្រៅ៤ម៉ែត្រលង់ស្លាប់ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ឲ្យម្ចាស់កសិដ្ឋានរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វិបុល