កម្ពុជា-ជប៉ុន ពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបង្កឡើងដោយយោធាថៃ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) បានថ្លែងថា ស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោមដែលបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង៩ម៉ឺនគ្រួសារ ស្មើនឹងជាង៣៥ម៉ឺននាក់។ លោក បានថ្លែងបែបនេះ នៅថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុន៣រូប គឺ លោក HIGASHINO Hideki លោកស្រី MIKAMI Eri និងលោកស្រី SHIRAKAWA Yoko សមាជិកព្រឹទ្ធសភា អមដោយតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រធានJICA ប្រចាំកម្ពុជា និងសហការី។

នៅក្នុងជំនួបនេះ បានផ្តោតសំខាន់ទៅលើសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីនរវាងកម្ពុជា-ជប៉ុន ជាពិសេសការអនុវត្តគម្រោងជំនួយអន្តរជាតិរបស់ប្រទេសជប៉ុន ដែលបានផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC ហើយនៅក្នុងជំនួបនេះក៏បានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ដែលមិនត្រឹមតែរួមចំណែកកាត់បន្ថយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការប្រើប្រាស់ដីធ្លីប្រកបដោយសុវត្ថិភាព ការស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ហេង រតនា បានថ្លែងអំពាវនាវ និងសំណូមពរដល់ព្រឹទ្ធសភាជប៉ុន មេត្តាបន្តជួយផ្តល់ការលើកទឹកចិត្ត និងគាំទ្ររដ្ឋាភិបាលជប៉ុនឱ្យបន្តជួយរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យមីនផងដែរ ដើម្បីជំរុញឱកាសឱ្យកម្ពុជាសម្រេចបានមហិច្ឆិតាក្លាយជាប្រទេសអភិវឌ្ឍន៍នៅ ឆ្នាំ២០៥០ និងជួយឱ្យកម្ពុជាអាចកាត់បន្ថយការគំរាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យបានត្រឹម ឆ្នាំ២០៣៥៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print