ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ ( អាប៉ោង )ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងបង្ក្រាបបាន ខណៈដែលក្រុមអ្នកញៀនល្បែងកំពុងតែចំតិតគូទអ៊ុតអាប៉ោងនៅក្នុងចំការដូង១កន្លែង ហើយកម្លាំងនគរបាលសហការឆ្មក់បង្ក្រាបបាន ។
ការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់(អាប៉ាង) ធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៦ នៅចំណុចក្នុងដីចំការដូងរបស់ឈ្មោះ ហ៊ឹម វ៉ាន់ថេង ក្នុងភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា ក្រុមអ្នកញៀនល្បែងដែលឃាត់ចំនួន៧នាក់÷
ទី១- ឈ្មោះ ភឺន សុផាត ភេទប្រុស អាយុ២៥ឆ្នាំ
ទី២- ឈ្មោះ ហ៊ឹម ផានិត ភេទប្រុស អាយុ៣៥ឆ្នាំ
ទី៣- ឈ្មោះ អឿន សុភា ភេទប្រុស អាយុ ៤២ឆ្នាំ អ្នកទាំង៣នាក់រស់នៅក្នុងភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទី៤- ឈ្មោះ យិន សៅ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅក្នុងភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង
ទី៥- ឈ្មោះ កាន់ ផាន់ណា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្នុងភូមិពញាអោង ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទី៦- ឈ្មោះ នុត ដេត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្នុងភូមិតាំងកន្ទួត ឃុំទំព័រមាស ស្រុកសំរោងទង
និងទី៧- ឈ្មោះ ជួប ម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយថា នៅមុនពេលឃាត់ខ្លួនក្រុមអ្នកញៀនល្បែងខាងលើ គឺអ្នកញៀនល្បែងស៊ីសង បានណាត់ជួបគ្នា ដោយអង្គុយ ខ្លះចំតិតគូទ អ៊ុតអាប៉ាង ហើយកម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង បានសហការជាមួយផ្នែកគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំទំព័រមាស បានធ្វើការឆ្មក់បង្ក្រាបទីតាំងលេងអាប៉ោងមួយកន្លែងនៅចំណុចដីចំការដូងរបស់ឈ្មោះ ហ៊ឹម វ៉ាន់ថេង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់មនុស្សចំនួន៧នាក់ និងធ្វើការដក ហូតវត្ថុតាងមាន កំរាលចាក់អាប៉ោងចំនួន១ ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1AC-6410 និង ទូរស័ព្ទដៃចំនួន៤គ្រឿងផងដែរ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ឲ្យដឹងថា ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងរួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ដោយ៖ សុរិយា










