ខេត្តមណ្ឌលគិរី ៖ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាបន្តបន្ទាប់ ក្រោយទទួលបានបណ្តឹងតាមប្រព័ន្ធទូរស័ព្ទ Hotline ពីជនរងគ្រោះ ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចអូរគគី ក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត ដោយបានចាត់កម្លាំងជំនាញសហការជាមួយកម្លាំងអាវុធហត្ថស្រុកកោះញែក សរុបចំនួន ០៦នាក់ និងរថយន្ត០២គ្រឿង ដឹកនាំបញ្ជាដោយលោកអនុសេនីយ៍ទោ នាង ដាលី នាយការិល័យព្រហ្មទណ្ឌ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានបណ្ដឹងតាមប្រព័ន្ធ Hotline ពីជនរងគ្រោះ ភេទស្រី អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបច្ចុប្បន្ន រស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ជនសង្ស័យឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ស្រុកកំណើតនៅភូមិជម្ពូ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន រស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី) ។ វត្ថុតាងចាប់យកទូរស័ព្ទដៃម៉ាក Tecno Spark ពណ៌ខ្មៅ ចំនួន០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធីច្បាប់ ៕










