សារព័ត៌មាន Reuters បានផ្សាយថា សហរដ្ឋអាមេរិក ដាណឺម៉ាក និង Greenland បានឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្កើតវត្តមានយោធាដ៏ធំមួយនៅលើដែនដីទឹកកកមួយនេះ ខណៈរារាំងមិនឱ្យសត្រូវរបស់សហរដ្ឋអាមេរិកសង់មូលដ្ឋានទ័ពរបស់ពួកគេនៅទីនោះឡើយ។
ការប្រកាសបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ បើតាមលោក ត្រាំ តាមរយៈកិច្ចព្រមព្រៀងខាងលើ គ្មានសត្រូវណាមួយរបស់សហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យធ្វើការវិនិយោគសំខាន់ៗនៅលើដែនដី Greenland ដោយគ្មានការយល់ព្រមពីសហរដ្ឋអាមេរិកបាននោះទេ ហើយកិច្ចព្រមព្រៀងនេះទៀតសោត គឺមិនមានកំណត់ថេរវេលា ឬកាលបរិច្ឆេទផុតកំណត់ឡើយ។
ក្នុងសារខាងលើដដែល លោក ត្រាំ បានកត់សម្គាល់ដូច្នេះថា «តាមបញ្ជារបស់ខ្ញុំ យើងបានធ្វើការជាមួយអ្នកតំណាងមកពីដាណឺម៉ាក និង Greenland ដើម្បីធានាឱ្យបានថាសហរដ្ឋអាមេរិកនឹងមានសមត្ថភាពពេញលេញជារៀងរហូតដើម្បីធ្វើអ្វីដែលចាំបាច់នៅ Greenland ក្នុងគោលបំណងធានា និងការពារសន្តិសុខរបស់ Greenland និងសហរដ្ឋអាមេរិក»។ លោកបន្ថែមថា «ចាប់ពីពេលនេះទៅ នឹងមិនមានសត្រូវណាមួយរបស់សហរដ្ឋអាមេរិកអាចសង់មូលដ្ឋានទ័ព មានវត្តមានយោធានៅលើទឹកដី Greenland ឬធ្វើការវិនិយោគសំខាន់ៗ ដោយមិនមានការយល់ព្រមពីយើងបាននោះទេ»។
ការិយាល័យនាយករដ្ឋមន្ត្រីដាណឺម៉ាក កាលពីថ្ងៃសុក្រ ក៏បាននិយាយដែរថាកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនឹងជួយពង្រឹងសន្តិសុខនៃតំបន់អាត្លង់ទិកខាងជើង និងអាក់ទិក។ ដោយឡែក បើតាមនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ដាណឺម៉ាក សហរដ្ឋអាមេរិក និង Greenland ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅសប្ដាហ៍ក្រោយ៕

រូបថត: dantri









