Gan Ching Hwee ដណ្តើមមេដាយប្រាក់ Asian Games ក្នុងវិញ្ញាសាហែលសេរី ១,៥០០ម៉ែត្រ និងបំបែកកំណត់ត្រាជាតិថ្មី

ចែករំលែក៖

កីឡាការិនីហែលទឹកសិង្ហបុរី Gan Ching Hwee បានពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាកីឡាការិនីហែលទឹកចម្ងាយឆ្ងាយឈានមុខម្នាក់នៅអាស៊ី បន្ទាប់ពីនាងដណ្តើមបាន មេដាយប្រាក់ ក្នុងវិញ្ញាសាហែលសេរីនារីចម្ងាយ ១,៥០០ម៉ែត្រ កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ដោយប្រើពេល ១៦:០០.៤៥ នាទី ដែលជាកំណត់ត្រាជាតិថ្មីរបស់សិង្ហបុរី។

នៅមជ្ឈមណ្ឌលហែលទឹក Tokyo Aquatics Centre កីឡាការិនីចិន Li Bingjie បានឈ្នះមេដាយមាសជាមួយពេលវេលា ១៥:៥៣.៥២ នាទី ខណៈកីឡាការិនីជប៉ុន Ichika Kajimoto ដណ្តើមបានមេដាយសំរឹទ្ធជាមួយពេលវេលា ១៦:០៦.៨៣ នាទី។

នៅក្នុងការប្រកួត Asian Games លើកមុននៅទីក្រុង Hangzhou, Gan បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ដោយប្រើពេល ១៦:២៤.៦៧ នាទី។

គួរឱ្យកត់សម្គាល់ថា ពេលវេលា ៨:២៩.៥៦ នាទី របស់ Gan សម្រាប់ការហែល ៨០០ម៉ែត្រដំបូង ក៏បានបំបែកកំណត់ត្រាជាតិរបស់សិង្ហបុរីក្នុងវិញ្ញាសាហែលសេរីនារី ៨០០ម៉ែត្រ ផងដែរ។

កីឡាការិនីសិង្ហបុរីចុងក្រោយដែលដណ្តើមបានមេដាយបុគ្គលនៅក្នុង Asian Games គឺ Roanne Ho ដែលបានឈ្នះមេដាយក្នុងវិញ្ញាសា ហែលបែប Breaststroke ៥០ម៉ែត្រ កាលពីឆ្នាំ២០១៨។

បច្ចុប្បន្ន Gan កាន់កាប់កំណត់ត្រាជាតិបុគ្គលចំនួន ៥ រួមមាន ហែលសេរី ២០០ម៉ែត្រ, ៤០០ម៉ែត្រ, ៨០០ម៉ែត្រ និង ១,៥០០ម៉ែត្រ ព្រមទាំងវិញ្ញាសា Individual Medley ៤០០ម៉ែត្រ។ កំណត់ត្រាទាំង៥នេះ សុទ្ធតែត្រូវបាននាងបង្កើតឡើងក្នុងរយៈពេល ១៤ខែចុងក្រោយ។

នៅក្នុងព្រឹត្តិការណ៍ Commonwealth Games នៅ Glasgow កាលពីខែកក្កដា Gan បានបំបែកកំណត់ត្រាជាតិរបស់ខ្លួនក្នុងវិញ្ញាសាហែលសេរី ៤០០ម៉ែត្រ និងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ នៅវគ្គផ្តាច់ព្រ័ត្រ។

នៅក្នុង SEA Games 2025 Gan បានឈ្នះមេដាយមាសលើវិញ្ញាសាហែលសេរី ២០០ម៉ែត្រ, ៤០០ម៉ែត្រ និង ៨០០ម៉ែត្រ ជាលើកទី៣ជាប់គ្នា។

មុនចូលរួម Asian Games ឆ្នាំនេះ កីឡាការិនីវ័យ ២៣ឆ្នាំ រូបនេះមានពេលវេលាលឿនបំផុតទី៤ នៅអាស៊ីក្នុងវិញ្ញាសាហែលសេរី ១,៥០០ម៉ែត្រ សម្រាប់ឆ្នាំនេះ ដោយស្ថិតនៅពីក្រោយ Kajimoto, កីឡាការិនីចិន Li និងកីឡាការិនីជប៉ុន Airi Ebina។

Gan ក៏ធ្លាប់បង្កើតកំណត់ត្រាជាតិថ្មីក្នុងវិញ្ញាសា ១,៥០០ម៉ែត្រ នៅ Paris Olympics 2024 មុនពេលនាងបំបែកកំណត់ត្រានោះម្តងទៀត នៅក្នុង World Aquatics Championships ដែលរៀបចំនៅប្រទេសសិង្ហបុរីកាលពីឆ្នាំមុន ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧នៅវគ្គផ្តាច់ព្រ័ត្រ។

Gan ត្រូវបានរំពឹងថានឹងបន្តចូលរួមប្រកួតក្នុងវិញ្ញាសាហែលសេរី ៤០០ម៉ែត្រ និង ៨០០ម៉ែត្រ នៅក្នុងការប្រកួត Asian Games លើកនេះ។

នៅ Asian Games លើកមុន ក្រុមហែលទឹកសិង្ហបុរីដណ្តើមបានមេដាយតែមួយគ្រឿងប៉ុណ្ណោះ គឺ មេដាយប្រាក់ក្នុងវិញ្ញាសាហែល Butterfly ៥០ម៉ែត្របុរស ដែលឈ្នះដោយកីឡាករ Teong Tzen Wei៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print