ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាអនុគណៈកម្មការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារ ប្រជុំត្រៀមរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រី នគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅវរសេនាតូចនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលនិងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ព្រឹកស្អែកនេះ។
ការជ្រើសរើសបេក្ខជនចូលបម្រើការងារជានគរបាលជាតិ គឺជាដំណើរការជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិ សមត្ថភាព សីលធម៌ និងសុខភាពសមស្រប ដើម្បីចូលបំពេញភារកិច្ចក្នុងក្របខ័ណ្ឌនគរបាលជាតិ តាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន។ គោលបំណង គឺដើម្បីធានាថា ការជ្រើសរើសកម្លាំងនគរបាលថ្មីប្រព្រឹត្តទៅដោយ តម្លាភាព យុត្តិធម៌ គោរពតាមលក្ខខណ្ឌ និងផ្អែកលើសមត្ថភាព ព្រមទាំងជ្រើសរើសបានបេក្ខជនដែលមានសមត្ថភាព និងសីលធម៌សមស្របសម្រាប់បំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
១-/ លក្ខខណ្ឌនៃការជើសរើស បេក្ខជនជាបុរស មានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានពិរុទ្ធភាពកន្លងមក មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យភ្នែក ត្រចៀក ច្រមុះ មាត់ បេះដូង ថ្លើម សួត ជំងឺរបេង អេដស៍ ក្រុមឈាម និងតេស្តរកសារធាតុញៀន) មិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់ មានកម្ពស់ ១,៧០ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់ មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬទុតិយភូមិ និងមានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹម ថ្ងៃប្រឡង មានសញ្ញាបត្របរិញ្ញាបត្រ និងមានអាយុយ៉ាងច្រើនត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។
សូមបញ្ជាក់ថា ឯកសារត្រៀមដើម្បីទៅសុំពាក្យប្រឡងមន្ត្រីនគរបាលជាតិត្រូវមាន៖ ១- បង្កាន់ដៃស្នើសុំពាក្យ ដែលបានស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា ២- សេចក្តីចម្លងសញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា បញ្ជាក់ទទួលស្គាល់ជាផ្លូវការ ៣- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ៤- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបញ្ជាក់ ភាពត្រឹមត្រូវតាមច្បាប់ដើម(ភ្ជាប់ច្បាប់ដើម) ៥- សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់ដើម(ភ្ជាប់ច្បាប់ដើម) -ការចែកពាក្យចាប់ផ្តើមនៅព្រឹកថ្ងៃច័ន្ទ ២១ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ










