សារព័ត៌មាន Reuters នាថ្ងៃចន្ទទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានផ្សាយថា បណ្តាមេដឹកនាំពិភពលោកត្រូវជួបជុំគ្នានៅទីក្រុងញូវយ៉ក ក្នុងសប្តាហ៍នេះ សម្រាប់មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) ខណៈដែលកិច្ចពិភាក្សានឹងផ្តោតសំខាន់លើជម្លោះដែលកំពុងរីករាលដាលក្នុងតំបន់មជ្ឈិមបូព៌ា និងសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងហានិភ័យបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
មេដឹកនាំប្រហែល ១៣០រូប ជួបគ្នានៅក្នុងបរិបទដែលសណ្តាប់ធ្នាប់ពិភពលោក ក្រោយសម័យសង្គ្រាមលោកលើកទី២កំពុងស្ថិតក្រោមសម្ពាធ ហើយ UN ខ្លួនឯងក៏កំពុងជួបការលំបាកក្នុងការរក្សាភាពសំខាន់ និងត្រូវប្រឈមមុខការរិះគន់ពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានកាត់បន្ថយការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងបានដកខ្លួនចេញពីស្ថាប័ននានារបស់ UN។
មេដឹកនាំចិន លោក ស៉ី ជីនពីង នឹងមិនធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កឡើយ ប៉ុន្តែទៅជួបពិភាក្សាផ្ទាល់ជាមួយលោក ត្រាំ នៅឯទីក្រុងវ៉ាស៉ីនតោនវិញ នាថ្ងៃព្រហស្បតិ៍ ខណៈដែលផែនការនេះបង្កឱ្យមានការវែកញែកអំពីតួនាទី និងសារៈសំខាន់របស់ UN ពាក់ព័ន្ធការរដោះស្រាយវិបត្តិពិភពលោក។
អ្វីដែលធ្វើឱ្យវិបត្តិផ្នែកស្មារតី និងហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរឡើងនោះ គឺពាក់ព័ន្ធនឹងអ្នកដឹកនាំបន្ទាប់នៃស្ថាប័នដែលមានអាយុកាល ៨០ឆ្នាំនេះ ដោយអគ្គលេខាធិការ លោក Antonio Guterres នឹងបញ្ចប់អាណត្តិនាចុងឆ្នាំ២០២៦ ប៉ុន្តែមិនទាន់មានបេក្ខជននាំមុខគេច្បាស់លាស់ណាមួយ មកប្រកួតប្រជែងដើម្បីជំនួសតំណែងរបស់លោកនៅឡើយទេ។
យោងតាមក្រុមអ្នកការទូត ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិក ១៥ប្រទេស អាចរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ ពាក់ព័ន្ធបញ្ហាអ៊ុយក្រែន បញ្ញាសិប្បនិម្មិត (AI) និងតំបន់មជ្ឈិមបូព៌ា រួមទាំងកិច្ចពិភាក្សាជាមួយបណ្តាមេដឹកនាំនៃប្រទសអារ៉ាប់។ លោក Richard Gowan មកពីអង្គការ International Crisis Group មានប្រសាសន៍ថា «ជាងមួយឆ្នាំបន្ទាប់ពីអាណត្តិទីពីររបស់លោក ត្រាំ ចាប់ផ្តើម យើងលែងនិយាយថា UN កំពុងធ្លាក់ចុះដុនដាបទៀតហើយ ប៉ុន្តែយើងអាចនិយាយថា អង្គការនេះកំពុងជាប់គាំងនៅក្នុងវិបត្តិមួយ ដែលមិនដឹងថាពេលណាទើបអាចបញ្ចប់បាន»៕ ដោយធីរីណា

រូបថត: Reuters









