ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅថ្ងៃទី២១ខែកញ្ញានេះថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅវេលាម៉ោង១៦ និង៣០នាទី មានករណី ចោរកម្មលួចគោមួយបានកើតឡើងនៅចំណុចវាលស្រែខាងលិចភូមិកន្លែងរមាស ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលឲ្យដឹងថា ជនសង្ស័យឈ្មោះ ចន ចាន់ហាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកន្លែងរមាស ឃុំពេជ្រមុនី ស្រុកគងពិសី បានធ្វើសកម្មភាពលួចគោរបស់ម្ចាស់ឈ្មោះ ហ៊ុល កុមា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតខាងលើ។ ជនសង្ស័យបានទាក់ទងឈ្មោះសុឹម ហ្សា ភេទស្រី អាយុ៣២ ឆ្នាំ រស់នៅភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាចាមកាប់គោលក់សាច់ ឱ្យមកទិញ(គោញីជំទង់)មួយក្បាល ពណ៌ស លក់ក្នុងតម្លៃ១,៥០០,០០០៛(មួយលានហាសិបមុឺនរៀល)ដោយប្រាប់ថាជាគោរបស់ខ្លួនឪពុក ឱ្យលក់ យកលុយបង់ថ្លៃសាលារៀន។
ក្រោយមកឈ្មោះ សុឹម ហ្សា បានទំនាក់ទំនងឱ្យម្ចាស់រ៉ឺម៉ក ឈ្មោះ ជ័យ សុខឃឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទួលម្អម ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺឱ្យមកដឹកគោ នៅចំណុចកន្លែងកើតហេតុខាងលើ ចាំទូទាត់លុយតាមក្រោយ។ ពេលកំពុងដេញគោឡើងរ៉ឺម៉ក ក៏ត្រូវម្ចាស់គោឃើញទាន់រួច ឃាត់ជនសង្ស័យខាងលើប្រគល់ជូនសមត្តកិច្ច ចាត់ការតាមច្បាប់។
ជនសង្ស័យឈ្មោះ ចន ចាន់ហាវ ត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋាននគបាលស្រុកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសាភាពថាខ្លួនពិតជាបានលួចដឹកគោខាងលើ ដោយយកទៅលក់ប្រាកដមែន ដើម្បីយកលុយទៅបង់ផ្តាច់ទូរសព្ទបង់រំលោះចំនួន ២០០$ ដែលខ្លួនគ្មានលទ្ធភាពបង់ប្រចាំខែតទៅទៀត។
ជនសង្ស័យខាងលើបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសុំណុំរឿងចាត់ការតាមនិតិវិធី៕










