ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅទីក្រុងញូវយ៉ក ចាប់ពីថ្ងៃទី២២-២៨ ខែកញ្ញា

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ក្រោមមូលបទ «ការស្តារទំនុកចិត្តឡើងវិញ ការគ្រប់គ្រងការធ្វើបរិវិត្តកម្ម៖ អង្គការសហប្រជាជាតិដែលផ្តល់ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា»។

ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ លោក ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមធ្វើសេចក្តីថ្លែងការណ៍ ដោយគូសបញ្ជាក់ពីទស្សនៈរបស់កម្ពុជា ចំពោះបញ្ហាសំខាន់ៗក្នុងតំបន់ និងសកលលោក ព្រមទាំងសង្កត់ធ្ងន់ លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងភាពចាំបាច់ក្នុងការពង្រឹងបន្ថែមនូវតួនាទី និង ប្រសិទ្ធភាព របស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញ និងការវិវត្ត ជាបន្តបន្ទាប់ ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ។ លោក ឧបនាយករដ្ឋមន្ត្រី ក៏នឹងលើកឡើងអំពី អាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំងការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញការអភិវឌ្ឍប្រកបដោយ ចីរភាព និងបរិយាបន្ន។

ដោយឡែក ក្នុងសម័យប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីនានា ដើម្បីផ្លាស់ប្តូរទស្សនៈលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការបង្កើនការចូលរួមចំណែករបស់កម្ពុជា នៅក្នុង ការរក្សាសន្តិភាព និងសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើឆាកអន្តរជាតិ ៕ 

...

ដោយ ៖ សិសា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print