នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ត្រី ស្រុករមាសហែក ក្រើនរំលឹកដល់បងប្អូនឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកបញ្ឆោតតាមបណ្តាញសង្គម Telegram/Facebook ការខ្ចីប្រាក់អនឡាញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក អនុសេនីយ៍ឯក ម៉ៅ សំរេច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ត្រី ស្រុករមាសហែក បានធ្វើការក្រើនរំលឹកដល់បងប្អូនឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកបញ្ឆោតតាមបណ្តាញសង្គម Telegram/Facebook ការខ្ចីប្រាក់អនឡាញ។

 

ការក្រើនរំលឹកបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងការរៀបចំវេទិកាសាធារណៈ ដើម្បីជួបសំណេះសំណាល ផ្សព្វផ្សាយ និងស្តាប់រាល់កង្វល់ សំណូមពរផ្ទាល់ពីពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយ សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំផងដែរ។

 

លោក បន្តថា ខ្លឹមសារស្នូលនៃវេទិកាបានផ្តោតលើការងារសំខាន់ៗរួមមាន៖ទប់ស្កាត់ក្មេងទំនើង និងល្បែងស៊ីសង ពង្រឹងការអប់រំទូន្មាន និងវិធានការរដ្ឋបាលលើក្រុមក្មេងប្រមូលផ្តុំបង្កភាពអសន្តិសុខក្នុងភូមិ។

 

បង្ក្រាបគ្រឿងញៀន និងចោរកម្មតូចតាច លើកកម្ពស់ការចូលរួមផ្តល់ព័ត៌មានសម្ងាត់ពីពលរដ្ឋ ដើម្បីលុបបំបាត់មុខសញ្ញាចែកចាយ និងចោរលួចមាន់ទា ឬទ្រព្យសម្បត្តិក្នុងមូលដ្ឋាន។

 

ការបង្ការការឆបោកតាមបច្ចេកវិទ្យា (Online Scams) ក្រើនរំលឹកដល់បងប្អូនឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកបញ្ឆោតតាមបណ្តាញសង្គម Telegram/Facebook ការខ្ចីប្រាក់អនឡាញ និងដាច់ខាតកុំជួល ឬលក់គណនីធនាគារ (កុងធនាគារ) ឱ្យជនខិលខូច ដែលអាចជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់។

 

ការផ្តល់សេវារដ្ឋបាលសាធារណៈ ផ្សព្វផ្សាយនីតិវិធី និងការសម្របសម្រួលធ្វើសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងលិខិតបញ្ជាក់ផ្សេងៗជូនពលរដ្ឋឱ្យបានឆាប់រហ័ស តម្លាភាព និងគ្មានការរើសអើង។

 

សមត្ថកិច្ចយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាចូលរួម និងផ្តល់មតិយោបល់ស្ថាបនា។ ការចូលរួមរបស់បងប្អូន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងមូលដ្ឋានឃុំចន្ត្រីឱ្យកាន់តែមានសុខសន្តិភាព និងសុវត្ថិភាពទ្វេឡើង៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print