ឧបករណ៍នេសាទខុសច្បាប់ប្រវែងជាង ៣០០០ម៉ែត្រ ត្រូវបានកងកម្លាំងអន្តរាគមន៍និងន្ត្រីជំនាញជលផលបង្ក្រាបបាននៅតំបន់ អាងយាយវិនដល់រហាលប្រា ឃុំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដាក់បទបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយមន្ត្រីជំនាញជលផលស្រុកស្ទោង ទៅបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ជាបន្ទាន់ នៅតំបន់អាងយាយវិនក្នុងភូមិសាស្ត្រឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។ ដែលកិច្ចប្រតិបត្តិការនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព និងលោកអនុសេនីយ៍ឯក ហែម ថន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការព្រឹកនេះ កងកម្លាំងចម្រុះ បានធ្វើសកម្មភាពបង្ក្រាបបានឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែងរួមមាន៖

របាំងស្បៃមុងចំនួន ៥៥របាំងប្រវែង ២២០០ម៉ែត្រ ឡុកស្បៃមុងចំនួន ៥៥គ្រឿង លូឬលបស្បៃមុងចំនួន ១១០មាត់ របាំងសាច់អួនក្រឡាញឹកចំនួន ៤របាំងប្រវែង ៨០០ម៉ែត្រ ឡុកសាច់អួនចំនួន ៤គ្រឿង  លូឬលបចំនួន ៨គ្រឿង ចាក់លែងកូនត្រីចម្រុះចំនួន ៩០គីឡូក្រាម កាប់បំផ្លាញបង្គោលឈើចំនួន ១៥០០ដើម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ សូមមេត្តាចូលរួមទាំងអស់គ្នា ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ពិសេសនៅក្នុងរដូវបិទនេសាទនេះ និងសំណូមពរដល់ប្រជានេសាទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បន្តទៅទៀត ដែលនាំឲ្យបាត់បង់ដល់ធនធានមច្ឆជាតិរបស់យើង ហើយយើងទាំងអស់គ្នាត្រូវរួមគ្នា ដើម្បីធ្វើឲ្យផលត្រីរបស់យើងបានសម្បូរឡើងវិញសម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជននៅទូទាំងប្រទេស ពិសេសបងប្អូនប្រជានេសាទ ដែលបងប្អូនអាចធ្វើការនេសាទបានជារៀងរហូត ។

...

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាបន្តដល់កងកម្លាំងអន្តរាគមន៍ និងកងកម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ ត្រូវបន្តធ្វើសកម្មភាពក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ដើម្បីសង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print