ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានបង្ហើបថា កំពុងមានអ្នករត់ការទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យដោះលែងស្រ្តីម្នាក់ដែលជា មេកត់ឆ្នោតវៀតណាមខុសច្បាប់ ជាថ្នូលនឹងប្រាក់ ៥ពាន់ដុល្លារអាមេរិក ខណៈបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាឱ្យបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស មិនឱ្យមានការលេងល្បែងភ្នាល់ស៉ីសងខុសច្បាស់នោះឡើយ ក្រោមពាក្យស្លោក”ទីណាមានល្បែងស៊ីសងខុសច្បាប់ ទីនោះគឺត្រូវតែបង្រ្កាប”។
ប្រភពដដែលបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង ៣០នាទី នៅចំណុចផ្លូវ៨៦Kz ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នពេញ បានសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលពី លោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គួយ នៅ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ដេីម្បីយកមកសាកសួរពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់ ( កត់ឆ្នោតយួន)។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងដកហូតរួមមាន៖
១. ទូរស័ព្ទដៃចំនួន០២គ្រឿង
2. ម៉ាស៊ីនគត់ឆ្នោតចំនួន០១គ្រឿង
3. កាស់ហ្សូចំនួន០១ ; ក្រដាស់កត់ឆ្នោតមួយចំនួន និងប៊ិចសម្រាប់កត់ឆ្នោត
4. ប្រាក់រៀលចំនួន៣០០០០០(សាមសិបម៉ឺនរៀល)។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នពេញ បានសាកសួររហូតបញ្ចប់នីតិវិធី និងបានបញ្ជូនទៅទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ។ ប៉ុន្តែជុំវិញករណីខាងលេីនេះ ត្រូវបានបែកធ្លាយព័ត៍មានថា កំពុងមានអ្នករត់ការទៅស្ថាប័នតុលាការរាជធានីភ្នំពេញ ដើម្បីដោះលែងជនសង្ស័យឱ្យមានសេរីភាពវិញ ថ្នូរជាទឹកប្រាក់ ៥ពាន់ដុល្លារអាមេរិក។
ជុំវិញករណីខាងលេីនេះ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ម្សិលមិញ បានធ្វើការសាកសួរទៅកាន់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តាមប្រព័ន្ធតេឡេក្រាមគ្រុបអ្នកនាំពាក្យ អំពីបញ្ហាមានអ្នករត់ការឱ្យជនសង្ស័យមានសេរីភាពវិញ តើពិតដែរឬទេ? ប៉ុន្តែមិនទាន់មានការឆ្លើយតប។ ចំពោះករណីនេះដែរប្រសិនបើអ្នកនាំពាក្យ ចង់បកស្រាយ ឬចង់បំភ្លឺអង្គភាពយើងបំភ្លឺរាល់ម៉ោងធ្វើការ៕ដោយ៖រ៉ារ៉ា










