សារព័ត៌មាន Reuters បានផ្សាយថា កូរ៉េខាងជើង នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានគំរាមថាកូរ៉េខាងត្បូងនឹងក្លាយជាគោលដៅនៃការវាយប្រហារសងសឹកភ្លាមៗ ប្រសិនបើក្លាយទៅជាទីបញ្ជាការកណ្ដាលនៅក្នុងប្រព័ន្ធការពារសន្តិសុខរួមរបស់សហរដ្ឋអាមេរិក។
នៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយដោយប្រព័ន្ធរដ្ឋកូរ៉េខាងជើង KCNA លោក Kang Chol Su ជានាយកនៃនាយកដ្ឋាននៅឯវិទ្យាស្ថានសម្រាប់ការសិក្សាពីរដ្ឋជាសត្រូវ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុងប្រែក្លាយកូរ៉េខាងត្បូងទៅជាមូលដ្ឋានទ័ពមួយ ដើម្បីបន្តពង្រីកអនុត្តរភាពរបស់ខ្លួននៅលើពិភពលោក ហើយកំពុងប្រើប្រាស់កូរ៉េខាងត្បូងជាកន្លែងមួយសម្រាប់ការដុតបញ្ឆេះសង្រ្គាមនៅក្រៅប្រទេស។
លោក Kang Chol Su លើកឡើងបែបនេះជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់មេបញ្ជាការកងកម្លាំងអាមេរិកប្រចាំកូរ៉េខាងត្បូងដែលបានចាត់ទុកកូរ៉េខាងត្បូង ជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃការការពារសន្តិសុខរួម ហើយលោកក៏បានរិះគន់សមយុទ្ធយោធារួមគ្នា និងការដាក់ពង្រាយសព្វាវុធរបស់សហរដ្ឋអាមេរិកផងដែរ។
តាមបទអត្ថាធិប្បាយខាងលើ ទីក្រុងព្យុងយ៉ាងបានត្រៀមវិធានការវាយបករួចជាស្រេច ហើយនឹងមិនស្ទាក់ស្ទើរឡើយក្នុងការវាយបំបាក់ការគំរាមកំហែងណាមួយលើសន្តិសុខរបស់ខ្លួន។ កងទ័ពអាមេរិក ប្រចាំកូរ៉េខាងត្បូងមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ សហរដ្ឋអាមេរិកមានកងទ័ព ២៨ ៥០០នាក់កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង ដើម្បីជួយកំញើញទប់ស្កាត់នូវអ្វីដែលខ្លួនហៅថាការឈ្លានពាន ឬការគំរាមកំហែងណាមួយពីសំណាក់កូរ៉េខាងជើង៕

រូបថត: KCNA









