សហរដ្ឋអាមេរិក ៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជួប លោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងការយកចិត្តទុកដាក់របស់លោកលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
លោកក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Christopher Anderson ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ដោយបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រកបដោយការស្ថាបនា ៕
ដោយ ៖ សិលា










