ទីក្រុងព្យុងយ៉ាង ត្រៀមបញ្ជូនកងទ័ពបន្ថែម ១០ ០០០នាក់ ទៅជួយរុស្ស៉ី

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ថាកងទ័ពកូរ៉េខាងជើងជាង ៨០០០នាក់កំពុងមានវត្តមាននៅលើទឹកដីរុស្ស៉ី ហើយព្យុងយ៉ាងមានគម្រោងបញ្ជូនកងទ័ពបន្ថែម ១០ ០០០នាក់ទៀត ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។

ដោយផ្អែកលើទិន្នន័យថ្មីស្ដីពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់រុស្ស៉ី លោក ហ្សេលេនស្គីបានបញ្ជាក់ថាកងទ័ពទាំងនោះកំពុងត្រូវបានជ្រើសរើសសម្រាប់ការបណ្ដុះបណ្ដាល និងរង់ចាំការដាក់ពង្រាយទៅកាន់រុស្ស៉ី។ កាលពីខែសីហាកន្លងទៅ លោកប្រធានាធិបតីអ៊ុយក្រែនក៏ធ្លាប់បាននិយាយដែរថាកងទ័ពកូរ៉េខាងជើងរហូតដល់ទៅ ៥០ ០០០នាក់ អាចនឹងត្រូវបានបញ្ជូនទៅប្រយុទ្ធដើម្បីរុស្ស៉ី ហើយបានអំពាវនាវឱ្យកូរ៉េខាងត្បូងផ្ដល់ការគាំទ្រដល់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ កូរ៉េខាងត្បូងបានប្រកាសកាលពីខែកក្កដា បញ្ជូនកញ្ចប់ជំនួយ ១០០លានដុល្លារសម្រាប់អ៊ុយក្រែន បើទោះជាបានដកអាវុធដែលអាចសម្លាប់មនុស្សចេញពីកញ្ចប់ជំនួយនេះក៏ដោយ។
ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី កាលពីថ្ងៃចន្ទ កើតមានឡើងចំពេលទីក្រុងសេអ៊ូល និងទីក្រុងកៀវ កំពុងរកាំរកូសនឹងគ្នាជុំវិញការប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែន កាលពីសប្ដាហ៍មុនថាអ៊ុយក្រែនបានបញ្ជូនឈ្លើយសឹកជាទាហានកូរ៉េខាងជើង ២នាក់ ទៅកាន់កូរ៉េខាងត្បូង។ ប៉ុន្តែកូរ៉េខាងត្បូងបានបង្ហាញការខកចិត្តយ៉ាងខ្លាំងជុំវិញការប្រកាសបែបនេះដោយអះអាងថាការផ្ទេរទាហានកូរ៉េខាងជើងទាំង២នេះត្រូវបានឯកភាពគ្នារក្សាទុកជាការណ៍សម្ងាត់។ ទីក្រុងសេអ៊ូលក៏បានសម្ដែងការតវ៉ាផងដែរនូវអ្វីដែលខ្លួនហៅថាជាសេចក្ដីថ្លែងការណ៍មិនពិតពីការិយាល័យប្រធានាធិបតីអ៊ុយក្រែនដែលប្រកែកថាការឯកភាពគ្នានេះមិនមែនធ្វើឡើងជាការណ៍សម្ងាត់អ្វីទេ។
បើតាមការវាយតម្លៃរបស់កូរ៉េខាងត្បូង និងអ៊ុយក្រែន កូរ៉េខាងជើងបានបញ្ជូនកងទ័ពចន្លោះពី ១៤០០០នាក់ ដល់១៥០០០នាក់ដើម្បីគាំទ្រសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២៤។ ក្នុងចំណោមកងទ័ពទាំងនោះមានមួយចំនួនធំត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ដើម្បីជួយកងទ័ពរុស្ស៉ីវាយបណ្ដេញកងទ័ពអ៊ុយក្រែន។ ក្រៅពីនេះ ព្យុងយ៉ាង ក៏បានផ្គត់ផ្គង់អាវុធដូចជាកាំភ្លើងធំ និងមីស៊ីល បាលិស្ទីគទៅឱ្យទីក្រុងមូស្គូផងដែរ៕

រូបថត​KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print