សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបែងចែកប្រាក់ចំនួន ៣១,៥ លានអឺរ៉ូ (៣៥,៧ លានដុល្លារ) ដល់ក្លិបនានា ដែលបានអនុញ្ញាតឱ្យកីឡាកររបស់ខ្លួនចូលរួមប្រកួតក្នុងពានរង្វាន់ Nations League រដូវកាល ២០២៤-២៥។
ការទូទាត់ប្រាក់នេះ គឺជាលើកដំបូងក្រោមវដ្តកម្មវិធីផ្តល់អត្ថប្រយោជន៍ដល់ក្លិបរបស់ UEFA (UEFA Club Benefits Programme) ដែលជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នារវាង UEFA និងសមាគមក្លិបបាល់ទាត់អឺរ៉ុប (EFC) ដែលតំណាងឱ្យក្លិបជាង ៨០០ នៅទូទាំងទ្វីបអឺរ៉ុប។
UEFA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការទូទាត់ប្រាក់ទាំងនេះ គឺជាផ្នែកមួយនៃថវិកាសរុបចំនួន ១០៤ លានអឺរ៉ូ ដែលត្រូវបានបម្រុងទុកសម្រាប់ក្លិបដែលអនុញ្ញាតឱ្យកីឡាកររបស់ខ្លួនចូលរួមប្រកួតក្នុងពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥ និង ២០២៦-២៧ ព្រមទាំងការប្រកួតជម្រុះសម្រាប់ពានរង្វាន់ UEFA Euro 2028»។
ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបនេះបានបន្ថែមថា៖ «កម្មវិធីនេះផ្តល់អត្ថប្រយោជន៍ដល់ក្លិបចំនួន ៦១១ នៅទូទាំងសមាគមសមាជិករបស់ UEFA រួមទាំងក្លិបស្ម័គ្រចិត្តមួយចំនួនផងដែរ។ ក្លិប RB Leipzig របស់អាល្លឺម៉ង់ នឹងទទួលបានសំណងសរុបខ្ពស់បំផុតក្នុងការទូទាត់លើកនេះ ដោយទទួលបានប្រមាណ ៣៥៣,០០០ អឺរ៉ូ សម្រាប់ការអនុញ្ញាតឱ្យកីឡាកររបស់ខ្លួនចំនួន ១៦ នាក់ចូលរួមប្រកួត»។
គួររំឭកថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះអេស្ប៉ាញដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រ ក្នុងវគ្គផ្តាច់ព្រ័ត្រ Nations League ឆ្នាំ ២០២៥។ ចំណែកការប្រកួត Nations League រដូវកាល ២០២៦-២៧ បានចាប់ផ្តើមកាលពីសប្តាហ៍មុន។










