ខេត្តពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅផ្លូវជាតិលេខ១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
- សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការសាងសង់ផ្លូវការផ្លូវជាតិលេខ១០នេះ គឺជាកសារសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ដែលជំរុញការតភ្ជាប់រវាងតំបន់ភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។
សម្ដេចធិបតី ថ្លែងថា ផ្លូវជាតិលេខ១០ នឹងផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈការកាត់បន្ថយពេលវេលា ថ្លៃដឹកជញ្ជូន ខណៈផ្លូវនេះបានតភ្ជាប់ខេត្ត៣ គឺបាត់ដំបង ពោធិ៍សាត់ និងកោះកុង ដែលនឹងក្លាយជាការតភ្ជាប់យ៉ាងសំខាន់របស់កសិផល, ការធ្វើដំណើរ, ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងចរន្តសេដ្ឋកិច្ចយ៉ាងសំខាន់នៃតំបន់ភាគកណ្តាល ខាងជើង និរតី និងឦសានរបស់កម្ពុជា ហើយផ្តល់ជាជម្រើសកាន់តែច្រើនដល់ប្រជាជន។
សម្ដេចធិបតី ថ្លែងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ ឡើងជាប្រភេទផ្លូវ DBST ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជិត ១៩៤គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ២គន្លងទៅមក។ បន្ថែមពីនេះគម្រោងនេះ ក៏មានការសាងសង់ស្ពានថ្មី និងពង្រីកស្ពានបេតុងចាស់ សរុបចំនួន ៣២កន្លែង ប្រវែងសរុប ២ ៣២៥ម៉ែត្រ រួមមាន ស្ពានសង់ថ្មីចំនួន ២០កន្លែង និងពង្រីកស្ពានចាស់ចំនួន ១២កន្លែង។ នៅក្នុងចំណោមស្ពានសរុបទាំង ៣២នេះ មានស្ពានមួយដែលត្រូវបានសាងសង់ឡើងជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។
សម្ដេចធិបតី ថ្លែងថា ក្នុងជំហានទី១ រាជរដ្ឋាភិបាលមានគម្រោងពង្រីកទៅបណ្ដារាជធានី-ខេត្តចំនួន ១៣ មានចម្ងាយប្រមាណ ១២០០ គីឡូម៉ែត្រ ដោយគ្រោងបំពាក់អំពូលដើរដោយពន្លឺព្រះអាទិត្យ ចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិកនៅក្នុងជំហានទីមួយនេះ។ ខណៈសម្ដេចគាំទ្រគម្រោងនេះ និងជំរុញឱ្យពង្រីកឱ្យបាន ២៥ រាជធានី-ខេត្ត។
សម្ដេចធិបតី ថ្លែងថា ផ្លូវជាតិលេខ១០នេះ ក្រៅពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា, ផ្លូវនេះបាននិងកំពុងរួមចំណែកលើកកម្ពស់សក្ដានុពលទេសចរណ៍នៅតាមបណ្ដោយផ្លូវជាតិនេះ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញ តំបន់ជ្រោះភ្នំ ជ្រលង ដងអូរជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋភាគច្រើនមិនធ្លាប់បានមកដល់ទីនេះពីមុនមក។
- សម្ដេចធិបតី ថ្លែងថា ផ្លូវជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍន៍ទៅតាមសហគមន៍ សំដៅលើកកម្ពស់កម្រិតជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
សម្ដេចធិបតី ថ្លែងថា ការដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ គឺជាជោគជ័យថ្មីមួយទៀតនៃយុទ្ធនាការពង្រីកប្រព័ន្ធដឹកជញ្ជូន និងពង្រឹងប្រព័ន្ធឡូជីស្ទីករបស់រាជរដ្ឋាភិបាលឱ្យកាន់តែពេញលេញនៅក្រោមពាក្យស្លោក «ផ្លូវគឺជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍទៅតាមសហគមន៍» សំដៅលើកម្ពស់ជីភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈការជំរុញការធ្វើសមាហរណកម្មវិស័យកម្មន្តសាលកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម សិប្បកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ក៏ដូចជាលើកកម្ពស់ភាពប្រកួតប្រជែងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
- សម្ដេចធិបតី ថ្លែងថា ការបង្កើតភាពប្រទាក់ក្រឡា ការតភ្ជាប់រវាងភូមិភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រវែងឆ្ងាយនៃរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ពាយព្យកម្ពុជា ជាពិសេស ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឱ្យប្រកបទៅដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។។
- សម្ដេចធិបតី ថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាព នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជជនកម្ពុជាច្រើនអាណត្តិមកហើយ ពិសេសគឺក្រោយនយោបាយឈ្នះ ឈ្នះ ។ ការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដំណាក់ទី១-២-៣-៤ មនុស្ស អាទិភាពទី១ ផ្លូវ ទី២ និងទឹក ភ្លើង ដែលតាំងពីឆ្នាំ៩៨ដល់២០២៣ ផ្លូវរាប់ពាន់គីឡូត្រូវបានកសាង។ អាណត្តិ ទី៧នេះ ខ្ញុំឡើងមក បានដើរសម្ពោធជាច្រើន។
សម្ដេចធិបតី ថ្លែងណែនាំឱ្យអាជ្ញាធរខេត្តពិនិត្យមើលលើការដាក់ចេញនយោបាយរំដោះទឹកជំនន់ និងប្រមូលទឹកជំនន់ទុកប្រើប្រាស់នៅរដូវប្រាំង ខណៈអ្នកវិទ្យាសាស្រ្ដបានបញ្ជាក់ថា នៅរយៈពេល៦ខែខាងមុខពិភពលោកនឹងជួបបាតុភូតគ្រោះរាំងស្ងួតរយៈពេលវែង អាកាសធាតុឡើងកម្ដៅដែលអាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់។
សម្ដេចធិបតី ថ្លែងញ្ជាក់ជាថ្មីថា បញ្ហាដែលយើងមានសង្គ្រាមព្រំដែន ការបិទព្រំដែន គឺសុទ្ធតែជាឱកាសឱ្យយើងវាយតម្លៃ ពង្រឹងផ្ទៃក្នុងខ្លួនឯង ពង្រឹងពិពិធកម្មសេដ្ឋកិច្ចអ្នកជាប់ព្រំដែន។ សម្ដេចបន្តថា រយៈពេលខ្លីយើងឈឺ ប៉ុន្ដែត្រូវយកមេរៀននេះ កុំឱ្យកើតមាននៅថ្ងៃអនាគតទៀត។
សូមជម្រាបជូនថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់គីឡូម៉ែត្រលេខ ៣៥+៩០០ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ប្រវែងជាង ៣២គីឡូម៉ែត្រ ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រវែងជិត ៩៩គីឡូម៉ែត្រ រហូតដល់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រវែងជាង ៦៧គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានសាងសង់ឡើងជាប្រភេទផ្លូវ DBST ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជិត ១៩៤គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ២គន្លងទៅមក និងផ្លូវចាក់បេតុងសរសៃដែក មានប្រវែង ៤ ៧០០ម៉ែត្រ ទទឹង ៩ម៉ែត្រ និងនៅចំណុចផ្លូវបត់បែនខ្លាំង និងផ្លូវចំណោទឡើងចុះមួយចំនួនត្រូវពង្រីករហូតដល់ ១៨ម៉ែត្រ ដែលរថយន្តសណ្តោងរ៉ឺម៉កប្រវែង ២១ម៉ែត្រ អាចទៅមកក្នុងពេលតែមួយបាន។ ដោយសារគម្រោងនេះបានជួបផលប៉ះពាល់បរិស្ថានជាច្រើន ដូច្នេះតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពីខ្សែខាងកើត មកខ្សែខាងលិចវិញ ត្រង់គីឡូម៉ែត្រលេខ ១១១+៨៦០ ដល់គីឡូម៉ែត្រលេខ ១៧៧+៦០០ មានប្រវែងជិត ៦៦គីឡូម៉ែត្រ។
បន្ថែមពីនេះ គម្រោងនេះ ក៏មានការសាងសង់ស្ពានថ្មី និងពង្រីកស្ពានបេតុងចាស់ សរុបចំនួន ៣២កន្លែង ប្រវែងសរុប ២ ៣២៥ម៉ែត្រ រួមមាន ស្ពានសង់ថ្មីចំនួន ២០កន្លែង និងពង្រីកស្ពានចាស់ចំនួន ១២កន្លែង។ នៅក្នុងចំណោមស្ពានសរុបទាំង ៣២នេះ មានស្ពានមួយដែលត្រូវបានសាងសង់ឡើងជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។ លក្ខណៈបច្ចេកទេសរបស់ស្ពាននេះ រួមមាន តួស្ពានទាំងមូលមានប្រវែង ៥៣៧ម៉ែត្រ និងទទឹង ១០ម៉ែត្រ និង១៥ម៉ែត្រនៅផ្នែកកណ្តាលស្ពាន ចែកចេញជា ១២ប្រឡោះ និងមានកម្ពស់ ៩០ម៉ែត្រ គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាននៅត្រង់ចំណុចកណ្តាល និងមានសាងសង់កន្លែងសំចតថតរូបអនុស្សាវរីយ៍នៅចំផ្នែកកណ្តាលស្ពាន។
ចំពោះការអនុវត្តគម្រោងទាំងមូលវិញ ក៏មានរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទចំនួន ៦២៨កន្លែង និងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ របាសុវត្ថិភាព បង្គោលសុវត្ថិភាព ផ្លាកសញ្ញាកំណត់ព្រំប្រទល់ខេត្តនិងស្រុក រួមទាំងការសាងសង់ស្ថានីយថ្លឹងរថយន្តអចល័ត ចំនួន ២កន្លែង ដោយ ១កន្លែងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង និង ១កន្លែងទៀតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕
ដោយ៖តារា









