សេដ្ឋកិច្ច៖ បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧ ខែ ហើយអាចកើនឡើង ៣ សប្តាហ៍ជាប់ៗគ្នាពេលបិទការជួញដូរថ្ងៃសុក្រនេះ ខណៈការលក់ចេញមូលបត្របំណុលកើនឡើងខ្លាំង ហើយតម្លៃប្រេងនៅខ្ពស់បង្កើនសម្ពាធអតិផរណា។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់តម្លៃរបស់ដុល្លារធៀបនឹងរូបិយប័ណ្ណធំៗចំនួន ៦ បានឈរនៅ ១០២,០៨ កាលពីព្រឹកថ្ងៃសុក្រ ហើយកំពុងឆ្ពោះទៅរកកំណើនប្រមាណ ១% សម្រាប់សប្តាហ៍នេះ ធៀបនឹងសប្ដាហ៍មុន។ ប្រសិនបើរក្សាកំណើននេះបាន វានឹងក្លាយជាការកើនឡើង ៣ សប្ដាហ៍ ជាប់ៗគ្នា ដែលជាលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ២០២៥។
ការឡើងថ្លៃប្រាក់ដុល្លារ កើតឡើងចំពេលទីផ្សារមូលបត្របំណុលពិភពលោកកំពុងរងសម្ពាធខ្លាំង។ អត្រាផលចំណេញលើប័ណ្ណបំណុលរបស់រតនាគារអាមេរិក ១០ឆ្នាំ បានឡើងដល់ ៥,៣៤៤% កាលពីថ្ងៃព្រហស្បតិ៍ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៤ ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ ២០០២ មុននឹងថយមកត្រឹម ៥,២៤៩% នៅព្រឹកថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០២៦នេះ។
បច្ចុប្បន្ន អ្នកវិនិយោគកំពុងព្រួយបារម្ភពីអតិផរណាដែលនៅតែខ្ពស់ ការកើនឡើងនៃបំណុលរដ្ឋាភិបាល និងការចេញលក់ប័ណ្ណបំណុលកាន់តែច្រើន។ អ្នកជំនាញខាងយុទ្ធសាស្ត្រវិនិយោគប្រចាំក្រុមហ៊ុន Saxo បាននិយាយថា ទោះបីអ្នកវិនិយោគមានការព្រួយបារម្ភតិចជាងមុនថា ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) អាចដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះក៏ដោយ ក៏អត្រាផលចំណេញលើប័ណ្ណបំណុលរយៈពេលវែងនៅតែបន្តកើនឡើង។ នេះបង្ហាញថា អ្នកវិនិយោគកំពុងព្រួយបារម្ភកាន់តែខ្លាំងអំពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាល និងចង់បានផលចំណេញខ្ពស់ជាងមុនពីការកាន់កាប់ប័ណ្ណបំណុលរយៈពេលវែង មិនមែនគ្រាន់តែផ្អែកលើការរំពឹងទុកអំពីការសម្រេចចិត្តបន្ទាប់របស់ Fed នោះទេ។
នៅព្រឹកថ្ងៃសុក្រដូចគ្នា ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃមកនៅត្រឹមប្រមាណ ១,១២៣៧ ដុល្លារ/អឺរ៉ូ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ ខណៈអ្នកវិនិយោគកំពុងព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុរបស់បារាំង។ ចំណែកប្រាក់យ៉េនជប៉ុន មានតម្លៃប្រមាណ ១៥៨យ៉េន/ដុល្លារ។
អ្នកជំនាញលើកឡើងថា ទីផ្សារកំពុងរង់ចាំរបាយការណ៍ការងាររបស់សហរដ្ឋអាមេរិកសម្រាប់ខែកញ្ញា ដែលអាចផ្តល់សញ្ញាថ្មីអំពីទិសដៅអត្រាការប្រាក់របស់ Fed។ លោក Chris Weston មកពីក្រុមហ៊ុន Pepperstone បាននិយាយថា ទិន្នន័យប្រាក់ឈ្នួលដែលខ្ពស់ជាងការរំពឹងទុក អាចមានឥទ្ធិពលខ្លាំងលើអត្រាការប្រាក់ មូលបត្របំណុល និងប្រាក់ដុល្លារ។
ទោះបីទិន្នន័យអតិផរណាអាមេរិកថ្មីៗបង្ហាញថា តម្លៃទំនិញបានកើនយឺតជាងការរំពឹងទុកក៏ដោយ ការឡើងថ្លៃប្រេងកំពុងបង្កើនការព្រួយបារម្ភថា សម្ពាធអតិផរណាអាចនៅតែបន្ត។ តម្លៃប្រេង Brent ក៏បានកើនលើស ១០០ដុល្លារ/បារ៉ែល ជាថ្មី ខណៈការចរចាររវាងអាមេរិក និងអ៊ីរ៉ង់នៅតែជាប់គាំង។
អ្នកវិភាគមួយចំនួនមើលឃើញថា ការស្ទុះឡើងនៃប្រាក់ដុល្លារមិនមែនកើតឡើងពីស្ថានភាពសេដ្ឋកិច្ចអាមេរិកតែប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីភាពមិនប្រាកដប្រជានៅតំបន់ផ្សេងទៀត ជាពិសេសអឺរ៉ុប៕
ដោយ៖តារា










