ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ឆ្នាំ២០២៦ គឺជាឆ្នាំទីមួយ និងជាប្រវត្តិសាស្ត្រនៃការអនុវត្តកាតព្វកិច្ចយោធា ដែលមិនត្រឹមតែជាការបំពេញភារកិច្ចការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគលើធនធានមនុស្ស ដើម្បីបណ្តុះវិន័យ ឥរិយាបថ និងជំនាញបច្ចេកវិទ្យាទំនើបៗដូចជា ដ្រូន (Drone) និងបញ្ញាសប្បនិម្មិត (AI) ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការបង្កើតឱ្យមានកាតព្វកិច្ចយោធា គឺជាការវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្សមួយដែលមានឥរិយាបថត្រឹមត្រូវ វិន័យ ជំនាញ និងបំណិន ក្រោមការអប់រំ បណ្តុះបណ្តាល អនុវត្តវិន័យយ៉ាងតឹងរឹង និងការធ្វើការជាក្រុមដើម្បីជួយគ្នាសម្រេចភារកិច្ច។ ជាមួយគ្នានេះ ការហ្វឹកហ្វឺនគឺជាចំណុចសំខាន់បំផុតនៃការធ្វើកំណែទម្រង់ទំនើបកម្មកងទ័ពក្នុងសម័យកាលនេះ ដោយអ្នកបំពេញកាតព្វកិច្ចយោធានឹងទទួលបានឱកាសហ្វឹកហ្វឺនលើការប្រើប្រាស់បច្ចេកវិទ្យា ដ្រូន (Drone) បញ្ញាសប្បនិម្មិត (AI) និងជំនាញជាច្រើនទៀតផងដែរ៕
ដោយ ៖ សិលា











